រាជធានីភ្នំពេញ ៖ មួយរយៈឃើញថា ក្មេងទំនើងមួយចំនួន កំពុងចេញបង្កភាពអណាធិបតេយ្យ ជាញឹកញាប់ តាមទីសាធារណៈ ខណៈនោះ គេក៏ឃើញសមត្ថកិច្ចជំនាញ តែងតែស្រាវជ្រាវបង្ក្រាប ជាបន្តបន្ទាប់ផងដែរ ។
តួយ៉ាង កាលពីវេលាម៉ោង ៤និង ១០នាទីល្ងាច ថ្ងៃទី៣០ខែសីហា ឆ្នាំ២០២៣នេះ មានករណីក្មេងទំនើងជាច្រើនម៉ូតូ ប្រដាប់ដោយដាវ និងកាំបិត សស្ញាច និងដុំថ្ម បានជិះមកកាប់កម្ទេចម៉ូតូភាគីម្ខាងទៀត នៅចំណុច ផ្លូវ៧២ ហាងស៊ុបក្បែរវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សកម្មភាពក្នុងឃ្លីបវីដេអូនេះ បង្ហាញថា បើទោះបីជាមានប្រជាពលរដ្ឋ ជាច្រើន ឈរមើលនៅចំណុចកើតហេតុនេះ ក៏ពួកវាមិនខ្លាចញញើតនោះដែរ គិតតែពីចុះទៅកាប់យកៗ មិនសំចៃដៃ ខណៈជនរងគ្រោះជាម្ចាស់ម៉ូតូវិញ បាននាំគ្នារត់ចូលទៅក្នុងហាងស៊ុបខាងលើ។
ជុំវិញករណីនេះ TVFB បានទាក់ទងសួរទៅកាន់សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន លោកបានបញ្ជាក់ថា ក្រោយកើតហេតុ មានជនរងគ្រោះ២នាក់ បានមកដាក់ពាក្យបណ្តឹង សមត្ថកិច្ចក៏បានទទួលពាក្យបណ្តឹងរួចរាល់ហើយ ណាមួយករណីនេះ ភាគីជនរងគ្រោះ និងក្រុមបង្ក ធ្លាប់ស្គាល់នេះ និងកំពុងស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព ដើម្បីច្បាមក្រុមខាងលើនេះ ឲ្យខានតែបាន ៕