នគរបាលស្រុកកៀនស្វាយ សហការបង្ក្រាបបានជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ក្នុងខណ្ឌច្បារអំពៅ
សន្តិសុខសង្គម
82

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង ២និង ៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅមុខផ្ទះគ្មានលេខផ្លូវ១១០ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់រួមមាន ៖

១-ឈ្មោះ ពុទ្ធ ធារ៉ា ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ គ្មាន។

២-ឈ្មោះ ស៊ុន ស៊ីម៉ា ភេទ ប្រុស មុខរបរ គ្មាន។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១CL-១៣៤៧ និងផ្លាកលេខក្លែងក្លាយ ភ្នំពេញ ១P-០៥៤៩ ជាម៉ូតូរបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕


Telegram