រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ ថតវីដេអូបាន ផ្ញើរចូលក្នុងគ្រុប ទទួលព័ត៌មានរបស់ TVFB សូមឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ខណៈក្មេងស្ទាវប្រុសស្រី ២ក្រុម បានឈ្លោះប្រកែកគ្នា រហូតយកដបវាយសំពងក្បាលបែកខ្ចាយ និងព្រួតគ្នាវាយ យ៉ាងអាណាធិបតេយ្យ ។
តាមប្រភពព័ត៌មាន ហេតុការណ៍នេះកើតឡើងនៅទៀបភ្លឺ ម៉ោង៤ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅចំណុចផ្លូវ២៤២ កែងផ្លូវ៥៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពដដែលបន្តថា តាមដឹង ក្មេងស្ទាវទាំង២ក្រុមនេះ បានឈ្លោះគ្នារឿងចាក់ភ្លេង រហូតមានការឌឺគ្នាទៅវិញមកទៅមក រួចណាត់គ្នាចេញមកក្រៅ ហើយវាយតប់គ្នាយ៉ាងប្រសាច បែបនេះតែម្តង ដោយស្រីៗបានវាយគ្នាមុន លុះពេលយុវជនម្នាក់ទៀតពាក់អាវខ្មៅ ដើរចូល ក៏ត្រូវយុវជនម្នាក់ផ្សេងទៀត វាយសំពងក្បាល នឹងដបម្យ៉ាង មិនដឹងថាជាដបស្រា ឬក៏អ្វីនោះទេ បែកខ្ចាយ ដួលទៅផ្លូវ រួចនាំគ្នាព្រួតវាយបន្ថែម ។
ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងថា ក្រោយកើតហេតុជនរងគ្រោះទៅប្តឹងសមត្ថកិច្ច ឬក៏អត់នោះទេ នេះគ្រាន់តែជាវីដេអូថតបាននៅទីតាំងកើតហេតុប៉ុណ្ណោះ ។
ជុំវិញករណីនេះ TVFB បានទាក់ទងទៅកាន់ លោកអធិការនគរបាលខណ្ឌដូនពេញ លោកបានបញ្ជាក់ថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕