លួចម៉ូតូគេម្តង២គ្រឿង នៅភ្នំពេញ យកទៅលាក់ទុកនៅស្រុកបាទី ចុងក្រោយជាប់ខ្នោះរបស់សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ដោយសារ GPS !
សន្តិសុខសង្គម
164

រាជធានីភ្នំពេញ​ ៖ ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ មានទាំងអ្នកលួច អ្នកឌុប និងអ្នកទុកម៉ូតូដែលលួចបាន ត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ នគរបាលខណ្ឌមានជ័យ ម្ចាស់ម៉ូតូជាជនរងគ្រោះ និងសមត្ថកិច្ចស្រុកបាទី ចាប់ឃាត់ខ្លួនបាន ក្រោយលួចម៉ូតូគេ ២គ្រឿងបានសម្រេច យកទៅលាក់ទុក និងជិះយកទៅលក់ បែរជាត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ដោយសារGPS ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួល ផ្លូវលេខ ៣៧BT ក្រុម៣ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនបានរួមមាន

១.ឈ្មោះ ទិត្យ សុផាន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន

២.ឈ្មោះ ឈូ សុភាព ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន ។

ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ ម៉ៅ អាយុប្រហែល ៣៣ឆ្នាំ រត់គេចខ្លួនបាត់ ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ​២០១៧ ស្លាកលេខភ្នំពេញ 1JZ-3550 និងម៉ូតូម៉ាក ស៊ុយសាគីលែត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DB-3730 (របស់ជនរងគ្រោះ ឈ្មោះ សួ សេរីបុត្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងថត រស់នៅផ្ទះជួល ចំណុចកើតហេតុខាងលើ )។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង ៩យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ គាត់បានទុកម៉ូតូ ទាំង២គ្រឿងខាងលើ នៅមុខផ្ទះជួល ដោយពុំបានចាក់សោរទ្វាររបងនោះទេ ។ លុះព្រឹកឡើងវេលាម៉ោង ៨ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះភ្ញាក់ពីដេកចុះមកបើកទ្វារមើលម៉ូតូដែលទុកក្នុងរបង ស្រាប់តែបាត់ទាំង២គ្រឿងតែម្តង ទើបមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ដោយសារម៉ូតូជនរងគ្រោះម៉ាកស្កុបពី មានភ្ជាប់ GPS ឃើញលោតសញ្ញានៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ កម្លាំងប៉ុស្តិ៍បឹងទំពុន១ និងកម្លាំងខណ្ឌមានជ័យ រួមជាមួយជនរងគ្រោះ សហការជាមួយនគរបាលស្រុកបាទី ស្រាវជ្រាវតាមប្រព័ន្ធ GPS ក៏ឃើញជនសង្ស័យឈ្មោះ ឈូ សុភាព កំពុងជិះតាមផ្លូវ ក្នុងភូមិ ដែលជាម៉ូតូរបស់ជនររងគ្រោះ ទើបឃាត់ខ្លួនបាន និងសារភាពថាជនសង្ស័យ ឈ្មោះ ទិត្យ សូផាន បានប្រើខ្លួន ឲ្យយកម៉ូតូស្កុបពីដែលលួចបាននេះ ទៅលក់ឲ្យគេ ។ សមត្ថកិច្ចក៏នាំជនសង្ស័យខាងលើ ទៅរកជនសង្ស័យ ម្នាក់ទៀតឈ្មោះសូផាន ដែលកំពុងស្នាក់នៅក្នុងភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ទើបនាំខ្លួនជនសង្ស័យទាំង២នាក់ មកសាកសួរនៅប៉ុស្តិ៍បឹងទំពុន១ តែម្តង ។

ជនសង្ស័យឈ្មោះ ទិត្យ សូផាន បានសារភាពថា នៅយប់ថ្ងៃកើតហេតុ ខ្លួនកំពុងដើរ លុះដល់ចំណុចផ្ទះជនរងគ្រោះក៏ឃើញរបងផ្ទះជនរងគ្រោះអត់ចាក់សោ ក៏បើកទ្វារចូល ឃើញមានម៉ូតូ២គ្រឿង ទុកមុខផ្ទះ ដោយម៉ូតូស្កុបពី ដែលមានជាប់សោរនៅម៉ូតូស្រាប់ ទើបជនសង្ស័យលួចយកម៉ូតូស្កុបពីនោះ ហើយជិះយកមកទុកនៅផ្ទះជនសង្ស័យឈ្មោះ ឈូ សុភាព ឲ្យជួយលក់ឲ្យខ្លួន និងបានខ្ចីម៉ូតូរបស់ជនសង្ស័យឈ្មោះ សុភាព ជិះមកភ្នំពេញវិញ ។ ពេលជិះមកដល់វត្តពោធិញាណ ក៏ជួបជនសង្ស័យឈ្មោះ ម៉ៅ កំពុងដើរតាមផ្លូវ ខ្លួនក៏ឈប់ម៉ូតូឲ្យជនសង្ស័យឈ្មោះម៉ៅឌុបខ្លួន មកផ្ទះជនរងគ្រោះដើម្បីលួចម៉ូតូលែតមួយគ្រឿងទៀត រួចឲ្យឈ្មោះម៉ៅ ជិះម៉ូតូនេះ ទៅទុកនៅផ្ទះជនសង្ស័យឈ្មោះ សុភាពនៅស្រុកបាទី ហើយជនសង្ស័យឈ្មោះ សូផាន ក៏ជិះម៉ូតូមកដេកក្នុងដីឡូត៍គេទុកចោល ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។ រហូតនៅម៉ោង ១១ព្រឹក ក៏ជិះម៉ូតូទៅជួបជនសង្ស័យឈ្មោះ សុភាព នៅផ្ទះ ហើយទាំង២នាក់ ក៏នាគ្នាដោះខោអាវម៉ូតូលែតខាងមុខចេញ រួចជនសង្ស័យឈ្មោះ សូផាន ក៏ប្រាប់ជនសង្ស័យឈ្មោះ​សុភាព ម៉ូតូ២គ្រឿងនេះ បងឯងយកទៅលក់ទៅ មួយណាមុនក៏បាន លុះជិះម៉ូតូតាមផ្លូវ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។

ពេលនេះជនសង្ស័យខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍បឹងទំពុនទី១ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមច្បាប់ ៕ អែល វិចិត្រ


Telegram