សិស្សគេចសាលា សម្ងំតាមកញ្ចុះលេងហ្គេមតាមទូរសព្ទ័ ជក់បារី ត្រូវសមត្ថកិច្ចឃាត់យកមកអប់រំ សូមប្អូនៗសិស្សានុសិស្សកុំយកគម្រូតាម !
សន្តិសុខសង្គម
190

ខេត្តសៀមរាប ​៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា តាមរយៈការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨និង៣០នាទី ព្រឹកនៅចំណុចភូមិសាស្រ្តឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដំដែក និងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម សហការជាមួយលោកនាយកសាលា បានចុះប្រមូលសិស្សដែលគេចសាលា មិនចូលរៀន នាំគ្នាទៅសម្ងំតាមកញ្ចុះលេងហ្គេមតាមទូរសព្ទ័ ជក់បារី និង ផឹកភេសជ្ជៈជុំគ្នានិយាយលេងនៅបរិវេណខាងក្រៅសាលា ។

សមត្ថកិច្ចយើងបានប្រមូលសិស្សទាំងនោះយកទៅធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ។

នៅចំពោះមុខអាណាព្យាបាល និងសមត្ថកិច្ច សិស្សទាំងអស់នោះបានឆ្លើយសារភាពថា ពួកគេពិតជាបានគេចសាលា មិនចូលរៀន ហើយនាំគ្នាទៅអង្គុយលេងហ្គេម និងលេងទូរសព្ទ័ ព្រមទាំងនិយាយគ្នាលេងនៅក្រៅសាលាប្រាកដមែន ។

ដោយសហការជាមួយអាណាព្យាបាល សមត្ថកិច្ចយើងក៏បានធ្វើតេស្ដទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផល “អវិជ្ជមាន” ។

បន្ទាប់មក សមត្ថកិច្ចយើងបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងអនុញ្ញាតអោយអាណាព្យាបាលធ្វើលិខិតធានាយកពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញដើម្បីអប់រំបន្ត ៕


Telegram