រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំង ខណៈបុរសម្នាក់ បានឡើងជាន់ជណ្តើរទៅលើដំបូល ដើម្បីបាញ់កាវ បែរជាឆក់ចរន្តអគ្គិសនី ឆេះខ្លោចខ្លួនប្រាណ របួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច យករថយន្តស្ទួចមកស្ទួចទម្លាក់ចុះពីលើដំបូលស័ង្កសី មកក្រោម ដើម្បីដឹកយកទៅសង្គ្រោះភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង១០នាទីព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចឃ្លាំងលក់ថ្នាំលាបពណ៌មួយកន្លែង តាមបណ្ដោយផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពពីកម្មករក្នុងឃ្លាំងទីតាំងខាងលើបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់នេះមានឈ្មោះ ផល អាយុជាង៤០ឆ្នាំ មុខរបរបុគ្កលិក ក្នុងឃ្លាំងលក់ថ្នាំលាបពណ៌ រស់នៅឯស្រុកលើកដែក ខេត្តកណ្ដាល ហើយមុនពេលកើតហេតុ ជនរងគ្រោះបានយកជណ្ដើរ ឡើងលើដំបូលឃ្លាំង ដើម្បីបាញ់កាវតែឡើងដល់លើដំបូលភ្លាម ក៏ប៉ះជាមួយខ្សែភ្លើងស្រាត ឆេះខ្លោចខ្លួនប្រាណ របួសយ៉ាងធ្ងន់ធ្ងរ ភ្លាមៗកម្មករដូចគ្នាក៏បានប្រញាប់ទៅបិទកុងតាក់ភ្លើង និងជួយសង្គ្រោះជនរងគ្រោះ មានទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច យករថយន្តស្ទួចមកស្ទួចទម្លាក់ចុះពីលើដំបូលស័ង្កសី មកក្រោម ដើម្បីដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យព្រះកុសុមៈ ឬពេទ្យលោកសង្ឃ ៕ អែល វិចិត្រ