នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទ ទទួលផលចោរកម្ម ទិញស្លាកលេខរថយន្តពាក់ព័ន្ធនឹងអំពើលួច ដកហូតបានជាច្រើនបន្ទះ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវឃាត់ខ្លួន ពីបទ៖ ទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធនឹងអំពើលួច) ។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌទួលគោក ។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ នាង ឡន ភេទប្រុស អាយុ ៤៤ឆ្នាំ ឃាត់នៅចំណុចក្បែរសាលាគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ក្នុងនោះ សម្ភារៈដកហូត ស្លាកលេខរថយន្តចំនួន ០៥គូ (2BP-5516, 2BT-8301, 2BT-3234, 2BH-7667 និង2BS-2227) ឆែកឃើញក្នុងផ្ទះជួលរបស់ជនសង្ស័យឈ្មោះ នាង ឡន។
ពេលនេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ៕