មិនធម្មតា! នគរបាលស្រុកកៀនស្វាយបង្ក្រាបបានចោរឆក់កាបូប២នាក់ បែកធ្លាយម៉ូតូដែលជិះឆក់គេនេះ លួចពីប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងរកឃើញសម្ភារៈប្រើគ្រឿងញៀនមួយចំនួនទៀត
សន្តិសុខសង្គម
209

ខេត្តកណ្តាល ៖ មិនធម្មតា ក្រោយការបញ្ជាណែនាំ ពីឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ដឹកនាំដោយលោក ព្រំ សំណាង អធិការនគរបាលស្រុក និងដោយមានការសម្របសម្រួលពីលោក ឯកភាព ពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានបើកការស្រាវជ្រាវ បង្ក្រាប ករណីជនសង្ស័យលួចម៉ូតូគេ ចេញពីក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួចហើយយកម៉ូតូដែលលួចពីគេបាននេះ យកមកជិះឆក់កាបូបរបស់ប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវលេខ ១១០ ក្នុងស្រុកកៀនស្វាយ និងឆែកឆេរ រកឃើញសម្ភារៈប្រើគ្រឿងញៀនមួយចំនួនទៀត ។

សូមបញ្ជាក់ថា សមត្ថកិច្ចស្រុកកៀនស្វាយ ទទួលបានព័ត៌មាន នៅវេលាម៉ោង ៧និង ៤០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ មានករណី ឆក់កាបូប ពីជនរងគ្រោះឈ្មោះ ត្រែ ស៊ីអេង ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅចំណុចលើផ្លូវលេខ១១០ ស្ថិតនៅភូមិព្រែកស្វាយ  ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកអធិការស្រុកកៀនស្វាយបានបញ្ជាក់ថា ក្នុងករណីនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ២នាក់ រួមមាន ៖

១/ ឈ្មោះពុធ ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

២/ ឈ្មោះស៊ុន  សីម៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

ដកហូតបាន ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ1P-0549 (តាមចម្លើយសារភាព ម៉ូតូនេះ ជារបស់ជនរងគ្រោះឈ្មោះ នាង ស៊ីណាត ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលជនសង្ស័យលួច យកមកធ្វើសកម្មភាពឆក់កាបូប)​, កាំបិទចិត្តបន្លែផ្លែដែកដងឈើ ប្រវែង២៨cm ចំនួន០១, កាំបិតចិត្តបន្លែដងដែកផ្លែដែកប្រវែង២៩cm ចំនួន០១, ទូលឡឺវីសផ្លែដែកដងជ័រ ប្រវែង២៥cm ចំនួន០១, ស្លាកលេខម៉ូតូចំនួន២ (ភ្នំពេញ1AT4072)(ភ្នំពេញ1CL1347), ស្បែកជើងស៊កជ័រពណ៍សខ្មៅចំនួន០១ គូរ លេខ៤២ , កន្រ្តកម៉ូតូ ពណ៌ខ្មៅ ចំនួន០១, ប្រអប់ខ្សែរហ្វាំងបូម ពណ៍ខ្មៅ ចំនួន០១ , សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន , ខោខាវប៊ូយ ពណ៍ខ្មៅ ជើងវែងម៉ាកZAPA ចំនួន០១, អាវសាច់ក្រណាត់ក្រឡាការ៉ូ ពណ៍ខ្មៅ លាយប្រផេះ ចំនួន០១ ។

ចំណែកសម្ភារៈបាត់បង់រួមមាន៖ ទូរស័ព្ទដៃម៉ាកiPhone x max ០១គ្រឿង និងប្រាក់ខ្មែរចំនួន១៥០០០០រៀល (ដប់ប្រាំម៉ឺនរៀល) ។

តាមដំណើររឿង នៅថ្ងៃខែឆ្នាំវេលាម៉ោងកន្លែងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក Honda dream ១២៥cc ពណ៌ក្រហម ផ្លាកលេខ (ភ្នំពេញ 1C -3851)  ចេញពីធ្វើការងារ នៅរោងចក្រយីដា និងឈប់ទិញផ្លែឈើនៅមុខរោងចក្រ រួចក៏ជិះម៉ូតូចេញទៅផ្ទះនៅឃុំកំពង់ស្វាយ ទិសដៅ ពីភ្នំពេញ ទៅ ស្អាង លុះមកដល់ភូមិឃុំកើតហេតុខាងលើ ក៏មានម៉ូតូ០១គ្រឿងទៀតម៉ាកHonda C125cc ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1P-0549 ជិះគ្នា០២នាក់មកពីក្រោយ ដោយអ្នកបើកបរពាក់អាវក្រឡាដៃវែង ពាក់មួក ពណ៌ខ្មៅ ក៏បានធ្វើសកម្មភាពឆក់យកកាបូបជនរងគ្រោះស្ពាយជាប់នឹងខ្លួន បណ្តាលអោយជនរងគ្រោះដួលទៅថ្នល់រងរបួស។ ចំណែកជនសង្ស័យបានដួលផងដែរ រួចជនសង្ស័យក្រោកឡើងបានយកកាបូបជនរងគ្រោះ នឹងលើកម៉ូតូជិះគេចខ្លួនទៅទិសដៅ ខាងស្អាង។ ចំណែកជនរងគ្រោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទាក់ទងទៅសាច់ញាតិអោយយកទៅព្យាបាលនៅមន្ទីពេទ្យ ។ រីឯមុខសញ្ញាកម្លាំងនគរបាលប៉ុស្តិ៍ឈើទាលសហការណ៍ជាមួយកម្លាំងជំនាញស្រុក កំពង់តាមស្វែងរកនិងកំណត់មុខសញ្ញា។

លុះដល់ថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៤និង២០នាទី កម្លាំងនគរយុត្តិធម៌ស្រុកសហការណ៍ ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋឈើទាល បានបន្តនិតិវិធីចុះទៅដល់ផ្ទះជនសង្ស័យទាំង២នាក់ នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ និងម៉ូតូធ្វើសកម្មភាព យកមកសាកសួរ ។

នៅចំពោះមុខសម្ថកិច្ចជនសង្ស័យឈ្មោះពុធ ធារ៉ា ភេទប្រុស បានសារភាពថា ខ្លួនបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CL- 1347 ដែលលួចពីប្រជាពលរដ្ឋ ចេញពីភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ដោយឈ្មោះស៊ុន ស៊ីម៉ា ភេទប្រុស ជាអ្នកឌុប ចំណែកខ្លួនជិះពីក្រោយ មកធ្វើសកម្មភាពឆក់កាបូបលុយនឹងទូរស័ព្វដៃរបស់ជនរងគ្រោះបានសម្រេច បន្ទាប់ពីឆក់កាបូបបានហើយអ្នកទាំងពីរបានដួលម៉ូតូនៅកន្លែងកើតហេតុ បន្ទាប់មកឈ្មោះជិះម៉ូតូគេចតាមផ្លូវក្រវ៉ាត់ក្រុងទី៣ សំដៅទៅក្រុងតាខ្មៅ បន្ទាប់មកក៏នាំគ្នាមកផ្ទះវិញដើម្បីបើកកាបូបចែកគ្នា ដោយឈ្មោះពុធ ធារ៉ា ភេទប្រុស យកប្រាក់ចំនួន១៥ម៉ឺនរៀល ចំណែកឈ្មោះស៊ុន ស៊ីម៉ា ភេទប្រុស យកទូរស័ព្ទដៃ ពេលចែកគ្នាហើយខ្លួនក៏ជិះម៉ូតូដែលលួចបាននោះ ឡើងទៅក្រុងតាខ្មៅវិញ ទៅដេកផ្ទះសំណាក់នៅក្រុងតាខ្មៅ រួចក៏ទិកកាបូបចោលនៅក្នុងផ្ទះសំណាក់នោះទៅ ។

ចំណែកឈ្មោះស៊ុន ស៊ីម៉ា ភេទប្រុស បានសារភាពថា ខ្លួនបានជិះម៉ូតូដែលលួចបាន ឌុបឈ្មោះពុធ ធារ៉ា ភេទប្រុស មកធ្វើសកម្មភាពឆក់ការបូបលុយរបស់ជនរងគ្រោះបានសម្រេច និងបានបែងចែករបស់ដែលឆក់បាន គឺខ្លួនយកទូរស័ព្ទដៃ ឈ្មោះពុធ ធារ៉ា ភេទប្រុស យកលិយនិងកាបូបជិះទៅក្រុងតាខ្មៅ ចំនែកខ្លួនចូលទៅផ្ទះដេករហូតទល់ភ្លឺ ។

ក្រោយពីសាកសួររួចកម្លាំងផ្នែកនគរបាលយុត្តិធម៍បាននាំជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី ៕ អែល វិចិត្រ


Telegram