រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទៀតហើយ ដោយក្មេងស្ទាវជាច្រើនម៉ូតូ បានបង្កភាពអណាធិបតេយ្យយ៉ាងខ្លាំង ព្រួតគ្នាវាយ និងកម្ទេចម៉ូតូរបស់ភាគីម្ខាងទៀត កំពុងអង្គុយលេងនៅម្ដុំសួនច្បារកំពង់ចម្លងអរិយក្សត្រ កាប់យកៗរួចប្រញាប់នាំគ្នាគេចខ្លួនបាត់អស់ ខណៈនៅព្រឹកនេះ គេក៏ឃើញសមត្ថកិច្ចខណ្ឌដូនពេញ បានចុះមកដល់ទីតាំងកើតហេតុ សាកសួរជនរងគ្រោះជាម្ចាស់ម៉ូតូ និងបើកការស្រាវជ្រាវផងដែរ ស្របពេលដែលមហាជន សូមណូមពរសូមឲ្យសមត្ថកិច្ច អនុវត្តច្បាប់ទៅលើក្មេងស្ទាវទាំងនេះ ក្រោយមួយរយៈចុងក្រោយនេះ ឃើញតែងតែបង្កភាពអសណ្តាប់ធ្នាប់យ៉ាងខ្លាំង ហាក់មិនញញើតនឹងច្បាប់ទាល់តែសោះ ។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចម្ដុំសួនច្បារកំពង់ចម្លងអរិយក្សត្រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមសម្តីរបស់យុវជនជាម្ចាស់ម៉ូតូ បានឲ្យដឹងថា ពួកគេមិនដែលស្គាល់ ក្មេងស្ទាវទាំងនេះនោះទេ ខណៈកំពុងអង្គុយ លេងនៅម្ដុំសួនច្បារកំពង់ចម្លងអរិយក្សត្រ ស្រាប់តែមានក្មេងស្ទាវខាងលើ ជិះម៉ូតូមកប្រហែល ១០ម៉ូតូជាង កាន់កាំបិត និងដុំថ្មគ្រប់ដៃ មកស្រែកថា អានឹងហើយមេ ដោយថាខ្លួនគឺជាមេ រួចកាប់និងគប់ វាយទៅលើជនរងគ្រោះជាម្ចាស់ម៉ូតូ១មួក ជនរងគ្រោះក៏រត់យករួចខ្លួន ស្រាប់តែក្មេងស្ទាវទាំងនេះ កាប់កម្ទេចម៉ូតូរបស់ខ្លួន យ៉ាងប្រសាច ហើយនាំគ្នារត់គេចខ្លួនបាត់អស់តែម្តង ៕ #N