រាជធានីភ្នំពេញ ៖ មួយរយៈឃើញថា ក្មេងទំនើងមួយចំនួន កំពុងចេញបង្កភាពអណាធិបតេយ្យ ជាញឹកញាប់ តាមទីសាធារណៈ ខណៈនោះ គេក៏ឃើញសមត្ថកិច្ចជំនាញ តែងតែស្រាវជ្រាវបង្ក្រាប ជាបន្តបន្ទាប់ផងដែរ ។
តួយ៉ាង កាលពីវេលាម៉ោង ៤និង ១០នាទីល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ មានករណីក្មេងទំនើងជាច្រើនម៉ូតូ ប្រដាប់ដោយដាវ និងកាំបិត សស្ញាច និងដុំថ្ម បានជិះមកកាប់កម្ទេចម៉ូតូភាគីម្ខាងទៀត នៅចំណុច ផ្លូវ៧២ ហាងស៊ុបក្បែរវត្តសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប៉ុន្តែទោះបីជាយ៉ាងណា ក្រោមការបញ្ជាចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាការណែនាំពីលោក អភិបាលខណ្ឌមានជ័យ លោក វរសេនីយ៍ឯក អ៊ុក ប៊ូនីន អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាឲ្យកម្លាំងបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ៥នាក់ ជាបន្តបន្ទាប់ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនោះរួមមាន ៖
១. ឈ្មោះ សែម ពន្លឺ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្ស រស់នៅក្នុងភូមិកំបូលមាស សង្កាត់ដង្កោ ខណ្ឌដង្កោ ។
២.ឈ្មោះ ផុន សឹង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។
៣.ឈ្មោះ សំអាង រក្សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។
៤.ឈ្មោះ រឿន ផាណា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជាសិស្ស រស់នៅផ្ទះជួលផ្លូវ ៣១BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
៥.ឈ្មោះ ឡឹក គឹមទីណាស់ ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះជួល ផ្លូវ៤៥BT ភូមិសន្សំកុសល៦ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំពោះជនសង្ស័យទី៥នេះ ដោយមានការ ឯកភាពពីព្រះរាជអាជ្ញាឲ្យត្រឡប់ទៅផ្ទះវិញជាបណ្តោះអាសន្ន) ។
ចំណែកជនរងគ្រោះឈ្មោះ លាង ស៊ីនហ្វាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរជាសិស្ស រស់នៅផ្ទះលេខ ៤៨ ផ្លូវលេខ ៥១T ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ខូចខាតម៉ូតូមួយគ្រឿង ម៉ាកសង់សេ១២៥ បែកស្តុបខាងក្រោយ បែកខោអាវចំហៀងខាងឆ្វេង ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IN-2614 , ម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JF-8861 ស៊េរីឆ្នាំ២០២២ និងដុំថ្ម ២ដុំ ។
មុនពេលកើតហេតុ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៤និង ១០នាទីរសៀល ជនរងគ្រោះ បានជិះម៉ូតូម៉ាកសង់សេ១២៥ ស្លាកលេខ ភ្នំពេញ 1HR-5604 ឌុបមិត្តភក្តិចេញពីផឹកកាហ្វេ នៅម្តុំទួលសង្កែ ដើម្បីមកផ្ទះយាយ ស្ថិតក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ។ លុះជនរងគ្រោះជិះម៉ូតូឌុបមិត្តភក្តិរបស់ខ្លួនដល់ចំនុចផ្លូវតាផុន មុខហាងលក់ស៊ុបមួយកន្លែង ក័ស្រាប់តែជួបក្រុមជនសង្ស័យ ដោយជនសង្ស័យឈ្មោះ សែម ពន្លឺ ជិះម៉ូតូម៉ាកស្កុបពីពណ៌ក្រហម ឌុបជនសង្ស័យឈ្មោះ ផុន សឹង , ជនសង្ស័យឈ្មោះ សំអាង រក្សា ជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបជនសង្ស័យឈ្មោះ បុល ភេទប្រុស អាយុប្រហែល១៥ឆ្នាំ រស់នៅភូមិសន្សំកុលស១ សង្កាត់បឹងទំពុនទី១ និងជនសង្ស័យឈ្មោះ រឿន ផាណា ជិះម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ ឌុបជនសង្ស័យឈ្មោះ ឡឹក គឹមទីណាល់ ហើយជនសង្ស័យខ្លះទៀតមិនស្គាល់ឈ្មោះ ជិះម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ជិះគ្នា៣នាក់ និងម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ជិះគ្នា៣នាក់ អត់ស្គាល់ឈ្មោះ ពេលនោះជនសង្ស័យឈ្មោះ សែម ពន្លឺ និងផុន សឹង បានយកដុំថ្មគប់ម៉ូតូជនរងគ្រោះ ទើបជនរងគ្រោះនិងមិត្តភក្តិផ្តួលម៉ូតូ រត់គេចខ្លួន ហើយបក្ខពួករបស់ជនសង្ស័យ មានខ្លះកាន់កាំបិត មកកាប់ម៉ូតូជនរងគ្រោះ និងខ្លះទៀត កាន់ដុំឥដ្ឋ ដុំថ្ម គប់មកលើម៉ូតូជនរងគ្រោះ បណ្តាលឲ្យរងការខូចខាត រួចនាំគ្នារត់គេចខ្លួនបាត់អស់ ។
បន្ទាប់មកជនរងគ្រោះក៏មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ តាមចាប់ជនសង្ស័យខាងលើ ដោយបានឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ក៏ឃើញជនសង្ស័យ ។
លុះនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៣ រសៀល កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុនទី១ និងនគរបាលខណ្ឌមានជ័យ បានល្បាតត្រួតពិនិត្យក្នុងមូលដ្ឋាន ដល់ចំណុចបឹងតូច ក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ក៏ជួបជនសង្ស័យឈ្មោះ សែម ពន្លឺ និងឈ្មោះ ផុន សឹង កំពុងអង្គុយហូបអីនៅចំណុចប្រឡាយបឹងតូច ទើបឃាត់ខ្លួនយកមកសាកសួរ និងបន្តឃាត់ខ្លួនបានជនសង្ស័យ៣នាក់បន្ថែមទៀត នៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ សំអាង រក្សា ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ យកមកសាកសួរ និងបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក បានជួបជុំគ្នានៅកន្លែងលក់កាហ្វេមួយកន្លែង ចំណុចផ្លូវ ៤៥BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ រួចជិះម៉ូតូចេញមកជួបក្រុមជនរងគ្រោះ កំពុងជិះម៉ូតូឌុបគ្នា២នាក់ ក៏គប់និងកាប់កម្ទេចម៉ូតូជនរងគ្រោះតែម្តង ។
ពេលនេះចំពោះជនសង្ស័យទាំង ៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ