រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា ចំពោះជនរងគ្រោះជាយុវជនម្នាក់ ដែលត្រូវក្រុមក្មេងស្ទាវ វាយក្បាលនឹងដប បែកខ្ចាយ នៅខាងមុខហាងមួយកន្លែង ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មានពាក្យចចារអារាម ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត តែតួយ៉ាងជាក់ស្តែង ជនរងគ្រោះ ជាយុវជនសក់ពណ៌ ក្នុងវីដេអូ ដែលត្រូវគេវាយក្បាលនឹងដបនេះ នៅមិនទាន់ស្លាប់នៅឡើយ កំពុងព្យាបាលក្នុងមន្ទីរពេទ្យ ហើយអាការៈក៏បានធូរស្បើយជាងមុន សមត្ថកិច្ចក៏បានទៅសួរនាំពីហេតុការណ៍ ហើយជនរងគ្រោះក៏បានផ្តិតមេដៃលើពាក្យបណ្តឹងផងដែរ ខណៈសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ និងកំពុងមុខសញ្ញាបានហើយ និងកំពុងតាមច្បាមមុខសញ្ញាក្មេងទំនើងទាំងនេះ ។
សូមរំលឹកផងដែរថា ប្រជាពលរដ្ឋ ថតវីដេអូបាន ផ្ញើរចូលក្នុងគ្រុប ទទួលព័ត៌មានរបស់ TVFB សូមឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ខណៈក្មេងស្ទាវប្រុសស្រី ២ក្រុម បានឈ្លោះប្រកែកគ្នា រហូតយកដបវាយសំពងក្បាលបែកខ្ចាយ និងព្រួតគ្នាវាយ យ៉ាងអាណាធិបតេយ្យ ។
តាមប្រភពព័ត៌មាន ហេតុការណ៍នេះកើតឡើងនៅទៀបភ្លឺ ម៉ោង៤ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅចំណុចផ្លូវ២៤២ កែងផ្លូវ៥៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពដដែលបន្តថា តាមដឹង ក្មេងស្ទាវទាំង២ក្រុមនេះ បានឈ្លោះគ្នារឿងចាក់ភ្លេង រហូតមានការឌឺគ្នាទៅវិញមកទៅមក រួចណាត់គ្នាចេញមកក្រៅ ហើយវាយតប់គ្នាយ៉ាងប្រសាច បែបនេះតែម្តង ដោយស្រីៗបានវាយគ្នាមុន លុះពេលយុវជនម្នាក់ទៀតពាក់អាវខ្មៅ ដើរចូល ក៏ត្រូវយុវជនម្នាក់ផ្សេងទៀត វាយសំពងក្បាល នឹងដបម្យ៉ាង មិនដឹងថាជាដបស្រា ឬក៏អ្វីនោះទេ បែកខ្ចាយ ដួលទៅផ្លូវ រួចនាំគ្នាព្រួតវាយបន្ថែម ។
ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងថា ក្រោយកើតហេតុជនរងគ្រោះទៅប្តឹងសមត្ថកិច្ច ឬក៏អត់នោះទេ នេះគ្រាន់តែជាវីដេអូថតបាននៅទីតាំងកើតហេតុប៉ុណ្ណោះ ៕