ជនសង្ស័យជាក្រុមដៃស្អិត ពូកែខាងឆ.ក់យ៉ាងសកម្ម ត្រូវបានអាវុធហត្ថខណ្ឌដង្កោ ប្រដេញនិងបង្ក្រាបបាន ៥នាក់ជាបន្តបន្ទាប់ ហ៊ានទាំងគប់មួក និងធាក់ម៉ូតូកងកម្លាំងទៀត!
សន្តិសុខសង្គម
258

រាជធានីភ្នំពេញ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ល្បាតក្នុងភូមិសាស្ត្រ ធ្វើការបង្ក្រាបបានជនសង្ស័យនិងបក្ខពួកចំនួន ៥នាក់ជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពឆក់ទូរសព្ទដៃពីជនរងគ្រោះបានសម្រេច ហើយព្យាយាមរត់គេចខ្លួន ដោយធ្វើការដេញតាមចាប់យ៉ាងប្រផាប់ប្រភីងបានម្នាក់ និងបន្តយកបក្ខពួកបាន៤ នាក់ទៀត នៅភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១និង២០នាទីយប់ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ ២១៧ រង្វង់មូលគួរស្រូវ ក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម រ័ត្ន ស្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការបញ្ជាពី លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ សរ សុភ័ណ្ឌកាលពីថ្ងៃទី០២ ខែកញ្ញា  ឆ្នាំ២០២៣ វេលាម៉ោង២០និង៣០នាទី កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ បានចេញល្បាត និងពួនស្ទាក់ ដើម្បី ទប់ស្កាត់បទល្មើសនិងរក្សាសន្តិសុខក្នុងមូលដ្ឋានភូមិសាស្រ្ត។

លុះម៉ោង០១និង២០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងល្បាតដល់ត្រង់ចំណុចផ្លូវបេតុងកែងវិទ្យុABC ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យចំនួន ០៤នាក់កំពុងជិះម៉ូតូNex ពណ៌ខៀវលាយស  ០២ គ្រឿង ភ្លាមនោះកម្លាំងអាវុធហត្ថខណ្ឌដង្កោ ក៏បានឃាត់សាកសួរនាំ និងឆែកឆេរ តែក្រុមជនសង្ស័យមិនព្រមសហការ បែរជាបើកម៉ូតូរត់គេច ឃើញដូច្នេះកម្លាំងក៏ប្រដេញ ហើយជនសង្ស័យ ព្យាយាមរត់និងបោះមួកសុវត្ថិភាពមក លើសមត្ថកិច្ចនិងព្យាយាមធាក់ម៉ូតូសមត្ថកិច្ច រហូតមកដល់ ចំណុចផ្លូវបេតុងក្បែវត្តព្រែកថ្លឹង ស្ថិតក្នុងភូមិព្រែករទាំង   សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ពេលនោះជនសង្ស័យចំនួន២នាក់បានផ្តួលម៉ូតូចោលដើម្បីរត់គេចខ្លួន តែត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ម្នាក់ ។ ក្រោយមកទៀតកម្លាំងល្បាតក៏ធ្វើការប្រដេញម៉ូតូបក្ខពួកជនសង្ស័យចំនួន០១គ្រឿងទៀត មកដល់ត្រង់ចំណុចផ្លូវបេតុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជនសង្ស័យក៏ផ្តួលម៉ូតូចោលរត់គេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ ។

ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ សំអូន ណារិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដកហូតបាន ម៉ូតូចំនួន២គ្រឿង (១.ម៉ូតូម៉ាក Suzuki Nex ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1KC-2091 និងម៉ូតូម៉ាក Suzuki Nex ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1KC-4860 , ទូរស័ព្ទចំនួន០១គ្រឿង ម៉ាក I Phone 7 Plus ។

ក្រោយពីការសួរនាំជនសង្ស័យបានសារភាពថាក្រុមខ្លួនបានធ្វើសកម្មភាពឆក់ទូរស័ព្ទបានចំនួន០១គ្រឿង(IPhone 11) ត្រង់ចំណុចផ្លូវ២១៧ ស្ថិតក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ វេលាម៉ោងប្រហែល ម៉ោង០១និង០០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ រាជធានីភ្នំពេញ ពិតប្រាកដមែន។

លុះព្រឹកឡើង នៅវេលាម៉ោង១០និង២២នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញ អាវុធហត្ថខណ្ឌដង្កោ ដោយមានការសម្របសម្រួលពី លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងប្រចាំខណ្ឌដង្កោ និងបទបញ្ជាពីលោកមេបញ្ជាការខណ្ឌ សរ សុភ័ណ្ឌ ព្រមទាំងមានការចង្អុលបង្ហាញរបស់ជនសង្ស័យ កម្លាំងជំនាញ អាវុធហត្ថខណ្ឌដង្កោ បានបន្តនិតិវិធីចុះសហការជាមួយការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថ រាជធានីភ្នំពេញ និង កម្លាំងជំនាញអាវុធហត្ថ ខណ្ឌសែន សុខ ចុះដល់ចំណុចបន្ទប់ជួល ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ  រាជធានីភ្នំពេញ  ដោយធ្វើការបន្តចាប់ខ្លួនជនសង្ស័យចំនួន ០៤នាក់បន្ថែមទៀត ៖

១.ឈ្មោះ ខ្លួត សុភមង្គល ហៅជា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ។

២.ឈ្មោះ យ៉ុង ភារុណ ហៅម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ ។

៣.ឈ្មោះ ឈុន លីដាលីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ ។

៤.ឈ្មោះ យ៉ុង ផាន់នី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទំលំនៅ ភូមិកោះចារាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ដកហូតបានវត្ថុតាងរួមមាន ៖

-ម៉ូតូម៉ាក Suzuki Nex ពណ៍ទឹកលាយស ពាក់ស្លាកលេខ ស្វាយរៀង 1M-3210

-ទូរស័ព្ទចំនួន ០៥គ្រឿង (ម៉ាក I Phoneចំនួន០៤គ្រឿង និង ម៉ាកVivoចំនួន០១គ្រឿង) ។

បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាវុធហត្ថខណ្ឌដង្កោ ធ្វើការកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ការិយាល័យព្រហ្មទណ្ឌកងរាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕ អែល វិចិត្រ


Telegram