សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៥នាក់ ករណីទទួលផលនៃបទល្មើស ដោយប្រើប្រព័ន្ធធនាគារនៅកម្ពុជា ទទួលប្រាក់ រួចបំលែង ផ្ទេរចេញវិញ តាមប្រព័ន្ធរូបបិយប័ណ្ណអេឡិចត្រូចនិច ប្រហែល១,៣០០,០០០ដុល្លារ
សន្តិសុខសង្គម
113

រាជធានីភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញពី ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋានបានបើកការស្រាវជ្រាវ បង្ក្រាបលើបទល្មើសទទួលផលនៃបទល្មើស សរុបទឹកប្រាក់ប្រហែល ១,៣០០,០០០ដុល្លារអាមេរិក ។ នេះបើយោងតាមផេក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។

នៅក្នុងនោះ សមត្ថកិច្ចយើងបានសហការបង្កកទឹកប្រាក់បានមួយចំនួនផងដែរ រូបភាពនៃការប្រព្រឹត្តបទល្មើស ក្រុមជនសង្ស័យប្រើប្រាស់មធ្យោបាយប្រព័ន្ធធនាគារនៅកម្ពុជា ក្នុងការទទួលប្រាក់ហើយធ្វើការបំលែងដោយផ្ទេរប្រាក់ចេញទៅ​វិញ​តាមប្រព័ន្ធរូបបិយប័ណ្ណអេឡិចត្រូនិច (Cryptocurrency) ។

ករណី​នេះ​បាន​ប្រព្រឹត្ត​ឡើង​ដោយឧក្រិដ្ឋជន​មួយ​ក្រុម​ មាន​បណ្តាញ​នៅក្នុង និងក្រៅប្រទេស បានធ្វើសកម្មភាព អូសទាញ​ជន​សង្ស័យ​តាមបណ្តាញទំនាក់ទំនងសង្គមឱ្យចូលជាបក្សពួកដើម្បីធ្វើសកម្មភាពដូចខាងលើ។ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យ​ ០៥នាក់ត្រូវបាន នាយកដ្ឋានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួល និងដកប្រាក់ ដែលពុំមានប្រភពច្បាស់លាស់​ដោយ​បាន ​ឬ​មិន​បាន​ទទួល​ផល​ប្រយោជន៍​ក៏ដោយ​ ព្រោះការទទួលប្រាក់ដោយគ្មានប្រភពច្បាស់លាស់នឹងអាច​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជាសហចារីនៃបទល្មើស។ចំពោះរូបបិយប័ណ្ណអេឡិចត្រូចនិច​ (Cryptocurrency​) ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា​បាន​ប្រកាស​រួច​ហើយ​ថា​ពុំត្រូវបានទទួលស្គាល់​តាម​ផ្លូវ​ច្បាប់​នោះ​ទេ​។ សម្រាប់គណនីធនាគារ សូមកុំឱ្យអ្នកដទៃខ្ចីគ្រប់គ្រង និងប្រើប្រាស់ ព្រោះអាចជាការចូលរួមប្រព្រឹត្តិ ឬទទួលផលនៃបទល្មើសជាយថាហេតុ ហើយទង្វើនេះសាមីខ្លួននឹងទទួលខុសត្រូវចំពោះមុខច្បាប់ ៕


Telegram