ខេត្តកំពង់ចាម ៖ ជនសង្ស័យមួយក្រុម នាំគ្នាមកពីរាជធានីភ្នំពេញ មកធ្វើសកម្មភាព ធាក់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម ប៉ះចំសមត្ថកិច្ចស្រុកកំពង់សៀម ប្រដេញចាប់យ៉ាងប្រផាប់ប្រភីង រហូតចាប់ខ្លួនបានជនសង្ស័យ ៦នាក់ ដកហូតម៉ូតូ៥គ្រឿង របួសសមត្ថកិច្ចម្នាក់ថែមទៀត ។
សូមបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ធាក់ប្លន់ភ្លាម លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ និងជំនាញអធិការដ្ឋាននគរបាលស្រុក កំពង់សៀម និងស្រុកបាធាយ ដើម្បីធ្វើការស្រាវជ្រាវ ប្រតិបត្តិការ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ធាក់យកម៉ូតូ)របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧និង៤០នាទី ក្នុងភូមិអូរធ្នង់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លុះនៅវេលាម៉ោង ៧និង ៥៥នាទីយប់ ថ្ងៃទី២ ខែកញ្ញា ដដែល កម្លាំងសមត្ថកិច្ច ធ្វើការបង្ក្រាបបានជនសង្ស័យចំនួន ៦នាក់ នៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ជនសង្ស័យទាំង ៦នាក់រួមមាន ៖
ទី១ឈ្មោះ វៀង តាំងដាយ ហៅឌាំង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី២ឈ្មោះ សូសហ្វី រ៉ូអាមី អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិឃ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ។
ទី៣ឈ្មោះ ឡុង ណាវី ហៅស អាយុ១៨ឆ្នាំ រស់នៅភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ទី៤ឈ្មោះ ផន សុខនី អាយុ១៩ឆ្នាំ រស់នៅភូមិ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ទី៥ឈ្មោះ ស៊ុន សារិទ្ធ
ទី៦ឈ្មោះ សាំង សុធារិទ្ធ ហៅ ញក់ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិគីឡូ៧ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ដកហូតបានវត្ថុតាង ម៉ូតូ០៥គ្រឿង (ម៉ាកហុងដា សេ១២៥ ចំនួន ០៤គ្រឿង និងម៉ូតូរបស់ជនរងគ្រោះម៉ាក និច ចំនួន០១គ្រឿង ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ក្នុងនោះ ថ្នាក់ដឹកនាំ តែងតែការយកចិត្តទុកដាក់ដល់កងកម្លាំងជានិច្ច ដោយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង៣០នាទី លោក ប៊ិន ឡាដា អភិបាល នៃគណអភិបាលស្រុកកំពង់សៀម និងលោក-លោកស្រី អភិបាលរង និងសហការី ព្រមទាំង កងកម្លាំងទាំងបី បានមកចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី ឆាំ សុខថេង នាយរងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម
ដែលជួបគ្រោះថ្នាក់ដួលម៉ូតូ ក្នុងពេលចុះកិច្ចប្រតិបត្តិការ បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (ធាក់យកម៉ូតូ ) នៅចំណុចលើផ្លូវជាតិលេខ៧១A ស្ថិតនៅភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម វេលាម៉ោង៧ និង ៤០នាទី យប់។
នៅក្នុងនោះដែរលោក ប៊ិន ឡាដា អភិបាល នៃគណអភិបាលស្រុកកំពង់សៀម មានមតិផ្តាំផ្ញើ សួរសុខទុក្ខ នឹងជំរុញឱ្យខិតខំប្រឹងប្រែងធ្វើការបន្តទៀត ដើម្បីជោគជ័យការងារ និងបានឧបត្ថម្ភថវិកាចំនួន ៣០០,០០០ រៀល (សាមសិបម៉ឺនរៀល) ដើម្បីលើកទឹកចិត្តផងដែរ ៕