រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈកំពុងឈរលើអន្ទានៅការដ្ឋានសំណង់ កំពុងសាងសង់មួយកន្លែង ស្រាប់តែរអិលជើងធ្លាក់ចុះមកក្រោម បោកក្បាលស្លាប់តែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង ៣០នាទី រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះលេខ៣៩៣ ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ កែវ សុខា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ បន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅ ភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ សពស្នាមដាច់រយះនៅក្បាលផ្នែកខាងស្តាំ១កន្លែង បែកលលាដ៍ចេញខួរ ស្នាមជាំកោសរលាត់នៅចង្កា១កន្លែង និងស្នាមរបួសដាច់រយះនៅម្រាមកូនដៃស្តាំ ១កន្លែង ។
សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ កំពុងតែធ្វើការជាកម្មករសំណង់ តសំយាបនៅជាន់ទី២ ផ្ទះលេខ៣៩៣ ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយជនរងគ្រោះបានឈរជាន់លើដែករន្ទាផ្ទាល់ ហើយក៏បានរអិលជើង រួចជនរងគ្រោះក៏បានស្ទុះចាប់តោងដែករន្ទា ប៉ុន្តែស្រាប់តែបាក់ដែករន្ទា (មានស្នាមតផ្សាភ្ជាប់ចាស់) បណ្តាលឲ្យធ្លាក់ជនរងគ្រោះមកលើដំបូលសំយាបជាន់ទី១ ហើយក៏រមៀលធ្លាក់បោកក្បាលនឹងផ្លូវបេតុង នៅខាងមុខផ្ទះខាងលើ ។
ភ្លាមៗឈ្មោះ ម៉ុល វន ភេទប្រុស អាយុ៤២ឆ្នាំ និងឈ្មោះ សាត សាង ភេទប្រុស អាយុ២១ឆ្នាំ ដែលជាកម្មករធ្វើការជាមួយជនរងគ្រោះ ក៍បានយកម៉ូតូកង់បីឥណ្ឌាដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដង្កោ ។
ពេលមកដល់មន្ទីរពេទ្យបង្អែកដង្កោគ្រូពេទ្យបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចឈ្មោះ ម៉ុល វន និងឈ្មោះ សាត សាង ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតែម្តង។
តាមការពិនិត្យនិងវិភាគធ្វើកោសល្យវិច្ច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ជនរគ្រោះស្លាប់ដោយសារ បែកក្បាលចេញខួរ (បាក់ដែករន្ទាបណ្តាលឲ្យធ្លាក់មនុស្សស្លាប់)ពិតប្រាកដមែន និងបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ អែល វិចិត្រ