ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ បានធ្វើសកម្មភាពឆក់កាបូប ពីស្ត្រីម្នាក់ កំពុងជិះម៉ូតូឌុបកូន បានសម្រេច រួចជិះរត់ កាលពីវេលាម៉ោង ៦ និង ៥០នាទី យប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវផ្ទះតាឆេរ ស្ថិតនៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ករណីនេះកើតឡើង ខណៈជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវជាមួយកូនស្រី អាយុ ០៨ឆ្នាំ បណ្តាលឲ្យដួលម៉ូតូ ធ្វើឲ្យកូនស្រីរបស់គាត់រងរបួស ពកក្បាល ផ្នែកថ្ងាសមុខចំហៀងខាងស្តាំ និងដាច់រលាត់ស្បែកនៅលើផ្ទៃមុខ និង ផ្នែក ក ដោយជនរងគ្រោះជាម្តាយ មានឈ្មោះ រ័ត្ន ចាន់ធី ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ត្រី មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះជាកូនរងរបួសពកក្បាល ផ្នែកថ្ងាសមុខចំហៀងខាងស្តាំ និងដាច់រលាត់ស្បែកនៅលើផ្ទៃមុខ និង ផ្នែក ក ។
ក្នុងនោះសម្ភារបាត់បង់រួមមាន ៖
-កាបូបស្ពាយចំហៀង ០១ ពណ៌ក្រហម
-លុយអាមេរិក ២,២០០$ (ពីរពាន់ពីររយដុល្លារអាមេរិក)
-លុយខ្មែរ ១,០០០,០០០រៀល (មួយលានរៀល)
-ខ្សែដៃមាស ០១ខ្សែ (ទម្ងន់ ០២ដម្លឹង និង ០៣ជី)
-ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក IPHONE 14 PRO ពណ៌ស្វាយ និងម៉ាក OPPO ពណ៌ខៀវ) ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានដាក់កម្លាំងតាមស្វែងរកជនសង្ស័យ រហូតដល់វេលាម៉ោង ១៩និង០០នាទី ក៏ប្រទះឃើញជនសង្ស័យ នៅផ្លូវមុខផ្សារចិន សមត្ថកិច្ចយើងក៏ស្ទាក់ឃាត់ឲ្យជនសង្ស័យឈប់ម៉ូតូ តែជនសង្ស័យបានព្យាយាមបើកម៉ូតូរត់គេចខ្លួន កម្លាំងសមត្ថកិច្ចយើងបានដេញប្រផាត់ចាប់ប្រភីង រហូតដល់ផ្លូវចំណោទហាងតាផលលើភ្នំ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យបានយកកាបូបដែលធ្វើសកម្មភាពឆក់បាន គប់មកលើសមត្ថកិច្ច តែទោះបីជាយ៉ាងណា កម្លាំងសមត្ថកិច្ចបានបន្តដេញតាមជនសង្ស័យរហូតដល់ចំណុចផ្លូវខ្សែរកាប ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ទើបស្ទាក់ចាប់ឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ រើន ភារិន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ផ្លូវខ្សែកាប ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ដកហូតបាន វត្ថុតាងរួមមាន៖
-ម៉ូតូ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស)
-កាបូបស្ពាយចំហៀង ០១ ពណ៌ក្រហម ដែលជាផលនៃអំពើចោរកម្ម នៅក្នុងកាបូបមាន ៖
-លុយអាមេរិក ២,២០០$ (ពីរពាន់ពីររយដុល្លារអាមេរិក)
-លុយខ្មែរ ១,០០០,០០០រៀល (មួយលានរៀល)
-ខ្សែដៃមាស ០១ខ្សែ (ទម្ងន់ ០២ដម្លឹង និង ០៣ជី)
-ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក IPHONE 14 PRO ពណ៌ស្វាយ និងម៉ាក OPPO ពណ៌ខៀវ) ។
ករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ៕