រាជធានីភ្នំពេញ៖ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងករណីលក់ចែកចាយវ៉ាក់សាំង ម៉ាក Abhayarab (អាប់បេរ៉ាប) ខុសច្បាប់ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ការបង្ក្រាបបាននេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់របស់លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងឱសថស្ថានពន្លឺបឹងត្របែក ស្ថិតនៅផ្ទះលេខ ២២-២៣ ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញ និងដកហូតនូវវ៉ាក់សាំងម៉ាក Abhayarab (អាប់បេរ៉ាប) ខុសច្បាប់ចំនួន ៣៥១ប្រអប់ និងបាននាំខ្លួនម្ចាស់ទីតាំងយកមកសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។
សមត្ថកិច្ចក៏បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ឌីភីហ្វាម៉ាខូអិលធីឌី ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយស្របច្បាប់តែមួយគត់នៅកម្ពុជានូវប្រភទវ៉ាក់សាំង Abhayarab (អាប់បេរ៉ាប)នេះ។
សមត្ថកិច្ចសូមអំពាវនាវចំពោះឱសថស្ថាន គ្លីនិក ក៏ដូចជាទីតាំងចែកចាយ ឫផ្តល់សេវាសុខាភិបាល សុំបញ្ឈប់ការទិញ លក់ ឫប្រើប្រាស់នូវប្រភេទវ៉ាក់សាំងAbhayarab (អាប់បេរ៉ាប) ខុសច្បាស់ ក៏ដូចជាផលិតផលឱសថ ដែលពុំមានចុះបញ្ជិកា និងរក្សាទុកពុំបានត្រឹមត្រូវតាមកំរិតស្តង់ដារ ដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាប្រឈមទៅនឹងផ្លូវច្បាប់ផងដែរ ៕ មេសា