ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ ដេញបង្ក្រាបចាប់ខ្លួនបាន ក្រោយនាំគ្នាជិះម៉ូតូចេញពីភ្នំពេញ មកធ្វើសកម្មភាពលួចម៉ូតូរបស់គេ នៅស្រុកកៀនស្វាយ បានសម្រេច ហើយព្យាយាមរត់ តែរត់មិនរួច ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៩និង៤៥នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ចំណែកជនរងគ្រោះមានឈ្មោះ ចេង រតនា ហៅតុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ចំណែកជនសង្ស័យមានគ្នា ២នាក់ ៖
១/ ឈ្មោះថា វណ្ណនុត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
២/ ឈ្មោះសេក ចាន់រ៉េត ហៅរ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
ក្នុងនោះ សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ឡើងតែម២០២២ ពាក់ផ្លាកលេខ កណ្តាល 1AH-2144 ។
ក្នុងនោះ វត្ថុតាងរួមមាន ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ឡើងតែម២០២២ ពាក់ផ្លាកលេខ កណ្តាល 1AH-2144 (ជារបស់ជនរងគ្រោះ) , ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1GL-4564 (ជារបស់ជនសង្ស័យ) ។
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៩និង ៤៥នាទី ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ បិទតែម២០២២ ពាក់ផ្លាកលេខ កណ្ដាល 1AH-2144 មកពីផ្សារជ្រោយដង រួចក៏ចតម៉ូតូនៅមុខផ្ទះរបស់ខ្លួនលក់គ្រឿងអគ្គិសនី ដោយទុកសោនៅជាប់និងម៉ូតូ ហើយក៏ដើរចូលទៅក្នុងផ្ទះមួយភ្លែត ពេលនោះជនរងគ្រោះក្រឡេកមើលមកក្រៅផ្ទះ ក៏ឃើញមានជនសង្ស័យម្នាក់ពាក់អាវផ្កា រាងស្គម ពាក់មួកសុវត្ថិភាពពណ៌ស អង្គុយនៅលើម៉ូតូរបស់ជនរងគ្រោះ ស្មានថាអ្នកមកទិញគ្រឿងអគ្គិសនី ក៏ដើរចេញទៅបម្រុងសួរនាំ ពេលដើរទៅជិតដល់ ស្រាប់តែជនសង្ស័យបានជិះម៉ូតូជនរងគ្រោះឡើងមកភ្នំពេញ ឃើញដូច្នេះជនរងគ្រោះបានស្រែកថាចោរៗ និងទូរសព្ទប្ដឹងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ។
ពេលទទួលបានបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍តាមបណ្ដោយផ្លូវជាតិលេខ១ រហូតមកដល់ចំនុចផ្សារគគីរ ឃាត់ខ្លួនជនសង្ស័យបាន២នាក់ យកមកសាកសួរ ក្រោយពីសាកសួររួចជនសង្ស័យ ឈ្មោះ ថា វណ្ណនុត ភេទប្រុស បានសារភាពថា ខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1GL 4564 ជាមួយឈ្មោះសេក ចាន់រ៉េត ភេទប្រុស ដោយឈ្មោះថា វណ្ណនុត ភេទប្រុសជាអ្នកឌុប ហើយជិះចេញពីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យសំដៅទៅខេត្តព្រៃវែង លុះមកដល់ចំណុចរោងចក្រសួនឧស្សាហកម្មសំរោងធំក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រាប់តែជនសង្ស័យឈ្មោះសេក ចាន់រ៉េត ភេទប្រុសបានឱ្យឈ្មោះថា វណ្ណនុត ភេទប្រុស ឈប់ម៉ូតូហើយឈ្មោះសេក ចាន់រ៉េត ភេទប្រុស ចុះពីលើម៉ូតូដើរទៅយកម៉ូតូជនសង្ស័យជិះឡើងមកភ្នំពេញ ។
ចំណែកឈ្មោះ សេក ចាន់រ៉េត ភេទប្រុស បានសារភាពថា ខ្លួនបានបបួលឈ្មោះ ថា វណ្ណនុត ភេទប្រុស ជិះពីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សំដៅទៅខេត្តព្រៃវែង លុះមកដល់ចំណុចរោងចក្រសួនឧស្សាហកម្មសំរោងធំក៏ឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេរ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 បិទតែម 2022 ពាក់ផ្លាកលេខ កណ្ដាល 1AH-2144 ឈប់ចតនៅមុខផ្ទះលក់គ្រឿងអគ្គិសនីដោយមានសោជាប់នៅហ្នឹងម៉ូតូឃើញដូចនេះជនសង្ស័យឈ្មោះសេក ចាន់រ៉េត ភេទប្រុសក៏បានដើរចូលទៅយកម៉ូតូជនរងគ្រោះជិះឡើងមកភ្នំពេញ ។
ក្រោយពីសួរនាំរួចកម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ស្រុកកៀនស្វាយសុំគោលការណ៍មេឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ អែល វិចិត្រ