ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ បញ្ជាឱ្យសមត្ថកិច្ចជំនាញស្រាវជ្រាវរក ក្រុមជនស៊ីវិល ដែលដេញកាក់ម៉ូតូពលរដ្ឋអត់ស្លាកលេខ ឲ្យឈប់ឆែកឆេរ ព្រោះជាអំពើខុសច្បាប់!
រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺទាក់ទងនឹងការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននៅពេលថ្មីៗនេះ នូវចំណងជើងថាតើជាប៉ូលីស ឬពួកបន្លំចង់ធ្វើស៊ី ដែលមានជនស៊ីវិលមួយក្រុមដេញកាក់ម៉ូតូប្រជាពលរដ្ឋ ស្រែកឱ្យឈប់ អះអាងថាជាប៉ូលិសខណ្ឌការពារសន្តិសុខ សុំឆែកឆេរ ពីព្រោះម៉ូតូអត់មានផ្លាកលេខ នៅចំណុចសួនកោះពេជ្រ កាលពីរាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ។
ក្រោយពីទទួលបានព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឱ្យសមត្ថកិច្ចជំនាញតាមដានស្រាវជ្រាវដើម្បីវែកមុខចាត់វិធានការតាមផ្លូវច្បាប់ រកជនស្លៀកពាក់ស៊ីវិលមួយក្រុមនោះ ដែលបានកាក់ម៉ូតូគ្មានផ្លាកលេខ ពីព្រោះវាជាអំពើខុសច្បាប់៕