រាជធានីភ្នំពេញ ៖ ករណីផ្ទុះសេខ្សែភ្លើង បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ច មកជួយអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល នាវេលាម៉ោង ២រសៀលថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចបង្គោលមុខផ្ទះវីឡាមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ ៥៥៥ ក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គាត់បានឮសម្លេងដូចផ្គរលាន់ ខណៈនោះគាត់បានរត់ចេញមកមើល ក៏ស្រាប់តែឃើញ បង្គោលភ្លើងទល់មុខផ្ទះគាត់ បានផ្ទុះបែកផ្កាភ្លើង ក៏បង្កអោយមានអណ្តាតភ្លើង ឆាបឆេះតែម្តង ។ ភ្លាមៗ ប្រជាពលរដ្ឋបានរត់ទៅយកបំពង់ពន្លត់អគ្គីភ័យ មកជួយបាញ់ពន្លត់តែដោយសារអណ្តាតភ្លើងកាន់តែខ្លាំង ទើបប្រជាពលរដ្ឋធ្វើការរាយការណ៏បន្តទៅកាន់ សមត្ថកិច្ចអោយជួយអន្តរាគមន៍ ។
បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកវរសេនីយ៍ឯក ព្រហ្មយ៉ន បានបញ្ជាកម្លាំងពន្លត់អគ្គីភ័យ បញ្ចេញរថយន្តចំនួន ០១គ្រឿង ដើម្បីចុះជួយបាញ់ពន្លត់ ជៀសវាងបង្កការរាលដាលកាន់តែខ្លាំង ។
ករណីអគ្គីភ័យខាងលើ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អស់ចំនួន ០១គ្រឿង បាញ់ពន្លត់រហូតរលត់ជាស្ថាពរ ៕អែល មេសា