រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២ និង ១០ នាទីរសៀល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារីបុត្រ សត្យា នាយករងមន្ទីរ, លោក និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ដោយមានការសម្របសម្រួលពី លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងបង្ក្រាបនៅគោលទី១ នៅចំណុច លើផ្លូវល្បឿនលឿន គីឡូម៉េតលេខ៩៣ ភូមិទី៦ ឃុំយាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងគោលដៅទី២ នៅត្រង់ចំណុច ផ្លូវលេខ១១៥ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជាលទ្ធផល ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ៥នាក់ រួមមាន ៖
១. ឈ្មោះ KUANG ZUXIAN ភេទស្រី ជនជាតិចិន កំណើតៈ ០៩ កញ្ញា ១៩៩៧
២. ឈ្មោះ សឿន សៅរិ៍ណារិទ្ធ (SOEUN SAONARITH) ភេទប្រុស ជនជាតិខ្មែរ កំណើតៈ ២២ ធ្នូ ១៩៩០
៣. ឈ្មោះ ហែម សំណាង (HEM SAMNANG) ភេទប្រុស ជនជាតិខ្មែរ កំណើតៈ ១៥ មេសា ១៩៨១
៤. ឈ្មោះ YAO XIPING ភេទប្រុស ជនជាតិចិន កំណើតៈ ១៥ សីហា ១៩៩៥
៥. ឈ្មោះ LI XU ភេទប្រុស ជនជាតិចិន កំណើតៈ ០៤ ឧសភា ១៩៩១
ក្នុងនោះសមត្ថកិច្ចក៏ដកហូតបានវត្ថុតាង រួមមាន ៖ សរុបរួម សារធាតុញៀនទម្ងន់ ៤គីឡូ ៦.៩៧ក្រាម, រុក្ខជាតិក្រៀមទម្ងន់ ២០.២៨ក្រាម និងអាវុធខ្លីចំនួន ១ដើម។
ពេលនេះ ជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមនីតិវិធី ៕