ខេត្តកណ្តាល ៖ ឃើញរូបភាពហើយពិតជារន្ធត់ណាស់ បុរសម្នាក់ ដើរថ្មើរជើង ត្រូវបានរថយន្តមិនចាំម៉ាក បុកនិងកិន ដាច់ខ្លួនស្លាប់យ៉ាងរន្ធត់បំផុត រួចបន្តល្បឿនបើកគេចខ្លួនមកភ្នំពេញបាត់ នៅសល់តែសពតែប៉ុណ្ណោះ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២ និង៤៥នាទី យប់ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ២៩-៣០ ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ មានរថយន្ត១គ្រឿងមិនស្គាល់អត្តសញ្ញាណ ដែលបើកបរមានទិសដៅ ពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ ក៏បានបុកអ្នកដំណើរថ្មើរជើងម្នាក់ឈ្មោះ គង់ អំ ភេទប្រុស អាយុ ៦១ឆ្នាំ (ជាមនុស្សញៀនស្រាវង្វែងស្មារតី ដើរមិនដឹងទិសដៅ) មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលកំពុងដើរស្របទិសគ្នា បណ្តាលអោយស្លាប់ នៅកន្លែងកើតហេតុ ហើយ រថយន្តបានបើករត់គេចទៅខាងភ្នំពេញបាត់តែម្តង ។
ពេលនេះ សព ត្រូវបានសមត្ថកិច្ចប្រគល់ជូនប្រពន្ធ ដើម្បីធ្វើបុណ្យតាមប្រពៃណី ខណៈការសន្និដ្ឋានបឋម របស់សមត្ថកិច្ច បណ្តាលមកពី អ្នកបើកបររថយន្តធ្វេសប្រហែស ល្បឿនលឿន មិនពិនិត្យស្ថានភាពផ្លូវខាងមុខមានឧបសគ្គ ៕ អែល វិចិត្រ