រាជធានីភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះ សិប្បកម្មកែច្នៃកៅអី មួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង ៩និង៥០ នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សុខា វិសាល ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ ម្ចាស់សិប្បកម្ម បានឆេះទីតាំងប្រភេទ ដែកប្រក់ស័ង្កសី ទំហំ ១០x៣០ ម៉ែត្រ ឆេះកនែ្លងស្តុបកៅអីកែចៃ្នអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ខណៈមូលហតុសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ ។
ភ្លាមៗគេឃើញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះមកដល់ទីតាំងកើតហេតុ ដោយបានប្រើប្រាស់រថយន្តរបស់ការិយាល័យអគ្គិភ័យចំនួន ១២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៤ រថយន្ត ស្មើរនឹង ៩៦ ម៉ែត្រគូប និងមាន រថយន្តជំនួយ៖
- រថយន្តក្រសួងមហាផ្ទៃចំនួន ០៣ គ្រឿង ពុំបានប្រើប្រាស់ទឹក ។
- រថយន្តសាលាខណ្ឌច្បារអំពៅចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកចំនួន ០១ រថយន្ត ស្មើរនឹង ០៤ ម៉ែត្រគូប ។
- រថយន្តទីក្រុងនរាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើរនឹង ០៨ ម៉ែត្រគូប ។
- រថយន្តបុរីប៉េងហួតចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើរនឹង ១២ ម៉ែត្រគូប ។
រហូតរលត់ទៅវិញ នៅវេលាម៉ោង ១១និង៣០ នាទីយប់ថ្ងៃខែដដែល ៕