ប្រទេសសឹង្ហបូរី៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា មេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឯកភាពលើតម្រូវការ សម្រាប់ការបញ្ឈប់ជាបន្ទាន់ ចំពោះអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយនៅទីក្រុងហ្សាការតាកាលពីថ្ងៃសៅរ៍ (២៤ មេសា) ។
កិច្ចប្រជុំដែលដឹកនាំដោយប្រ៊ុយណេ ក៏មានការចូលរួមពីសំណាក់មេដឹកនាំរបបយោធាភូមាផងដែរ។
នេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់ឧត្តមសេនីយ៍ចាប់តាំងពីមានរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈដែលបានទម្លាក់មេដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូជី។ ការបង្ក្រាបបាតុកម្មប្រឆាំងរដ្ឋប្រហាររបស់មីយ៉ាន់ម៉ាបានធ្វើឱ្យមនុស្សជាង ៧០០ នាក់ស្លាប់។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រ៊ុយណេដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្នមេដឹកនាំបានឈានដល់ការឯកភាពគ្នាលើ ៥ ចំណុចគឺការបញ្ចប់អំពើហិង្សា ការសន្ទនាប្រកបដោយការស្ថាបនា រវាងភាគីទាំងអស់ ការតែងតាំងប្រេសិតពិសេសអាស៊ាន ដើម្បីសម្របសម្រួលការសន្ទនាការផ្តល់ជំនួយមនុស្សធម៌ និងដំណើរទស្សនកិច្ចដោយ ប្រេសិតមីយ៉ាន់ម៉ា។
សេចក្តីថ្លែងការណ៍បាននិយាយថា យើងក្នុងនាមជាក្រុមគ្រួសារអាស៊ាន បានពិភាក្សាយ៉ាងជិតស្និទ្ធអំពីការវិវឌ្ឍន៍ថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៅក្នុងប្រទេស រួមទាំងរបាយការណ៍អំពីការស្លាប់ និងការកើនឡើងនៃអំពើហិង្សា។
យើងបានទទួលស្គាល់តួនាទីវិជ្ជមាននិងប្រកបដោយការស្ថាបនារបស់អាស៊ាន ក្នុងការសម្របសម្រួលដំណោះស្រាយដោយសន្តិវិធី ក្នុងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងជីវភាពរស់នៅរបស់ពួកគេ។
យើងក៏បានធ្វើការអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងជនបរទេសផងដែរ។
ក្នុងងចំណោមចំណុចនៃការឯកភាពគ្នា មេដឹកនាំអាស៊ាន បានអំពាវនាវឱ្យបញ្ឈប់ ការប្រើអំពើហឹង្សាជាបន្ទាន់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបន្ថែមថា គ្រប់ភាគីទាំងអស់ត្រូវអនុវត្តការអត់ធ្មត់បំផុត។
ពួកគេក៏បានយល់ព្រមចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីមួយនៅក្នុងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។
សេចក្តីថ្លែងការណ៍បានសរសេរថា« ទីបីប្រេសិតពិសេសរបស់ប្រធានអាស៊ាននឹងជួយសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការសន្ទនាដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន»។
«ទី ៤ អាស៊ាន ត្រូវផ្តល់ជំនួយមនុស្សធម៌ តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។ ទី ៥ ប្រេសិតពិសេសនិងគណៈប្រតិភូ នឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ»។
កិច្ចប្រជុំអាស៊ាន គឺជាកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដែលបានសម្របសម្រួលជាលើកដំបូង ដើម្បីបន្ធូរបន្ថយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកឧត្តមសេនីយ៍មីនមីងឌុងបានប្រាប់អង្គប្រជុំមុននេះថាលោកមិនជំទាស់នឹងដំណើរទស្សនកិច្ចរបស់ប្រតិភូអាស៊ានដើម្បីជួយដោះស្រាយវិបត្តិនោះទេ។
ក្នុងជំនួបនេះ មេដឹកនាំក៏បានពិភាក្សាពីការងើបឡើងវិញរបស់អាស៊ាន ពីការរីករាលដាលនៃជំងឺកូវីដ - ១៩ និងការខិតខំបន្តរបស់មីយ៉ាន់ម៉ា ដើម្បីដោះស្រាយស្ថានការណ៍នៅរដ្ឋរ៉ាឃីន រួមទាំងការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនពីបង់ក្លាដែស៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន