នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានផាកពិន័យជាប្រាក់ចំនួន​៦,០០០បាត ពីបទមិនបានពាក់ម៉ាស​ ចំពេល​រលកទី២​ថ្មីនៃជំងឺកូវីដ​-១៩
អន្តរជាតិ
183

បាងកក៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ​នាយករដ្ឋមន្រ្តីថៃ លោក​ប្រាយុធ ចានអូចា ត្រូវបានពិន័យជាប្រាក់កាលពីថ្ងៃច័ន្ទ​(២៦ មេសា) ពីបទមិនបានពាក់ម៉ាស់នៅទីសាធារណៈ ខណៈពេលចូលរួមកិច្ចប្រជុំនៅវិមានរដ្ឋាភិបាល ដើម្បីពិភាក្សាអំពីស្ថានភាពនៃជំងឺកូវីដ១៩​នៅក្នុងប្រទេសថៃ។

នៅក្នុងការបង្ហោះតាមហ្វេសប៊ុកលោកប្រាយុទ្ធ បានពន្យល់ពីរបៀបដែលរដ្ឋាភិបាលរបស់លោក កំពុងជំរុញឱ្យទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ​​-​១៩ បន្ថែមទៀត និងភ្ជាប់រូបថតនៃកិច្ចប្រជុំ​ដែលមានទីប្រឹក្សាជាច្រើនរូប។ ពួកគេទាំងអស់សុទ្ធតែពាក់ម៉ាស​ លើកលែងតែនាយករដ្ឋមន្រ្តី។

អភិបាលក្រុងបាងកក លោក Aswin Kwanmuang បានក្រើនរំលឹកដល់ប្រជាជនឲ្យពាក់ម៉ាស ឲ្យបានត្រឹមត្រូវចាប់ពីថ្ងៃច័ន្ទឬប្រឈមនឹងការផាកពិន័យរហូតដល់ ២០,០០០ បាត (៦៤០​ដុល្លារ)​។

បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង ប្រឆាំងនឹងនាយករដ្ឋមន្រ្តី លោក Aswin បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកប្រាយុទ្ធ ត្រូវបានពិន័យជាប្រាក់ ៦,០០០​បាត (១៩០ ដុល្លារ) ពីបទមិនបានគោរពតាមច្បាប់។

«បន្ទាប់ពីកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី បានស្នើសុំខ្ញុំក្នុងនាមជាអភិបាលក្រុងបាងកកឱ្យស៊ើបអង្កេត ប្រសិនបើករណីនេះជាការធ្វើខុស។ ខ្ញុំបានជម្រាបគាត់ថាសកម្មភាពរបស់គាត់រំលោភលើសេចក្តីប្រកាសរបស់រដ្ឋបាលក្រុងបាងកក ដែលបានបញ្ជាឱ្យប្រជាជននៅទីក្រុងបាងកកពាក់ម៉ាស ឬពាក់ម៉ាសបិទមុខគ្រប់ពេលដែលពួកគេចាកចេញពីលំនៅដ្ឋានរបស់ពួកគេ»។

លោកបានបន្ថែមថា« ក្រោយមកខ្ញុំបានធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាល ជាមួយមេប៉ូលិសក្រុង និងអធិការពីស្ថានីយ៍ប៉ូលីសដូស​។ លោកនាយករដ្ឋមន្រ្តី បានយល់ព្រមទទួលការពិន័យ»​។

យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងប្រទេសថៃ បានរាយការណ៍ថា ​ជំងឺកូវីដ១៩ ដែលឆ្លងជារលកទី២ ចំនួន ១៩,០៤៨ ករណីកាលពីថ្ងៃច័ន្ទ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់​៥៧.៥០៨ ករណី​។

រហូតមកដល់ពេលនេះប្រទេសនេះបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន​១៤៨​នាក់ដោយសារជំងឺនេះ។ បច្ចុប្បន្នអ្នកជំងឺ​៥៦៣​នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕ ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន

Telegram