​ផ្ទុះការវាយ​ប្រយុទ្ធគ្នា​ម្តងទៀតនៅមីយ៉ាន់ម៉ា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការកាលពីចុងសប្តាហ៍
អន្តរជាតិ
161

អន្តរជាតិ៖ សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ការប្រយុទ្ធគ្នាបានផ្ទុះឡើង នៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា នៅជិតព្រំដែនថៃ នៅព្រឹកថ្ងៃអង្គារនេះ ​ពេលក្រុមបះបោរជនជាតិភាគតិចការ៉ែន បានវាយប្រហារទីតាំងទ័ពរបស់របបយោធា នៅក្នុងការប៉ះទង្គិចគ្នាខ្លាំងបំផុតមួយ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ បានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ។

ការប៉ះទង្គិចគ្នាបានកើតឡើងនៅពេលដែលរបបយោធានិយាយថា ខ្លួននឹងពិចារណាជាវិជ្ជមាន នូវសំណូមពររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​(អាស៊ាន) ស្តីពី​ការបញ្ចប់ភាពវឹកវរនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រជុំកាលពីចុងសប្តាហ៍នៅប្រទេសឥណ្ឌូនេស៊ី។

មេដឹកនាំអាស៊ីអាគ្នេយ៍បាននិយាយថា ពួកគេបានឈានដល់ការព្រមព្រៀងមួយ ជាមួយពួកយោធាស្តីពីជំហានដើម្បីបញ្ឈប់អំពើហិង្សានិងជំរុញកិច្ចពិភាក្សារវាងភាគីមីយ៉ាន់ម៉ាដែលជាគូប្រជែង។

សម្ព័ន្ធភាពជាតិការ៉ែន​(KNU)ដែលជាកម្លាំងឧទ្ទាមចំណាស់ជាងគេរបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា​ ខ្លួនបានកាន់កាប់ជំរុំកងទ័ពនៅច្រាំងខាងលិចនៃដងទន្លេ Salween ដែល​ជាព្រំប្រទល់ជាមួយប្រទេសថៃនៅតំបន់នោះ។ អ្នកភូមិនៅតាមដងទន្លេថៃ បាននិយាយថា ការបាញ់កាំភ្លើងធុនធ្ងន់បានចាប់ផ្តើមមុនពេលថ្ងៃរះ។

ប្រធានកិច្ចការបរទេសរបស់ក្រុមលោក Saw Taw Nee បានប្រាប់រ៉យទ័រថា កម្លាំងរបស់ សម្ព័ន្ធភាពជាតិការ៉ែន(KNU) បានឈរជើងនៅប្រហែលម៉ោង ៥ ព្រឹកដល់ ៦ ព្រឹក (២២៣០ ដល់ ២៣៣០ GMT) ជំរំនេះត្រូវបានកាន់កាប់និងដុតបំផ្លាញ​។ អ្នកនាំពាក្យរូបនេះបាននិយាយថា មានការប្រយុទ្ធគ្នានៅទីតាំងផ្សេងទៀតដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

ក្រុមប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មានការ៉ែន បាននិយាយថា មូលដ្ឋានកងទ័ពត្រូវបានលុកលុយ។​

កងទ័ពមីយ៉ាន់ម៉ាមិនបានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេ។

ជាប្រវត្តិសាស្ត្រដែលបានប្រកាសខ្លួន​ថា ជាស្ថាប័នមួយដែលអាចរក្សាប្រទេសដែលមានជាតិចំរុះគ្នាជាង​៥៣ លាននាក់​ជាមួយគ្នា ទោះបីភាគច្រើននៃប្រទេសភូមា បានប្រមូលផ្តុំប្រឆាំងនឹងរដ្ឋប្រហាររបស់ខ្លួនក៏ដោយ។

​​គួររម្លឹកថា សម្ព័ន្ធភាពជាតិការ៉ែន(KNU) បានព្រមព្រៀងបទឈប់បាញ់គ្នានៅឆ្នាំ ២០១២ ដោយបញ្ចប់នូវកុបកម្មរបស់ពួកគេ សម្រាប់ស្វ័យភាព ដែលបានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីទទួលបានឯករាជ្យ​ពីចក្រភពអង់គ្លេសក្នុងឆ្នាំ​១៩៤៨​។ ប៉ុន្តែកម្លាំងរបស់ពួកគេ បានប៉ះទង្គិចជាមួយកងទ័ព ចាប់តាំងពីបានដណ្តើមអំណាច​។

ក្រុមការ៉ែននិយាយថា មនុស្ស ២៤.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ក្នុងសប្តាហ៍ថ្មីៗនេះ ដោយអំពើហិង្សា រួមទាំងការវាយប្រហារតាមអាកាសរបស់កងទ័ពអាកាសមីយ៉ាន់ម៉ា និងកំពុងជ្រកកោននៅក្នុងព្រៃ។

យោងតាមក្រុមសកម្មជន បាននិយាយថា កងកម្លាំងជនជាតិភាគតិច​ដែលមានមូលដ្ឋាននៅតំបន់ព្រំដែន បានគាំទ្រក្រុមអ្នកតវ៉ា​ប្រឆាំង​និងរបបយោធា​ ដែលមានមូលដ្ឋាននៅតាមទីក្រុងជាច្រើន ដែលកងកម្លាំងសន្តិសុខបានសម្លាប់ជនស៊ីវិលជាង​៧៥០​នាក់ ដែលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារនេះ។

នៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានរបាយការណ៍តិចតួចទាក់ទងនឹងការបង្ហូរឈាម ចាប់តាំងពីការប្រជុំចុងសប្តាហ៍រវាងមេដឹកនាំរបបយោធាលោក Min Aung Hlaing និងមេដឹកនាំអាស៊ីអាគ្នេយ៍ ដើម្បីព្យាយាមរកផ្លូវចេញពីវិបត្តិ។

បន្ទាប់ពីកិច្ចប្រជុំកាលពីចុងសប្តាហ៍ អាស៊ានបានចេញសេចក្តីយល់ស្រប​៥ ចំណុច លើជំហានដើម្បីបញ្ឈប់អំពើហិង្សានិងផ្តួចផ្តើមពិភាក្សារវាងគូប្រជែងមីយ៉ាន់ម៉ា។

ក្រុមសកម្មជនបានរិះគន់ផែនការនេះ ដោយនិយាយថា វាបានជួយធ្វើឱ្យរបបយោធា មានភាពស្របច្បាប់​។

ជាពិសេស មិនបានអំពាវនាវ​ឲ្យ​មានការដោះលែងមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុង សានស៊ូជី និងអ្នកទោសនយោបាយដទៃទៀតឡើយ។ សមាគមជំនួយសម្រាប់ក្រុមតស៊ូមតិអ្នកទោសនយោបាយនិយាយថា មនុស្សជាង​៣.៤០០ នាក់ត្រូវបានឃុំខ្លួនពីបទប្រឆាំងរដ្ឋប្រហារ៕ ប្រភព៖ Reuters ប្រែសម្រួល៖ នង ណារិន

Telegram