កាន់តែក្តៅ! យោធាមីយ៉ាន់ម៉ា បើកការវាយឆ្មក់តាមអាកាសនៅរដ្ឋការ៉ែន ជាការសងសឹក
អន្តរជាតិ
177

អន្តរជាតិ៖ សារព័ត៌មាន The Irrawaddy បានចេញផ្សាយនៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា យោធាមីយ៉ាន់ម៉ា បានបើកការវាយឆ្មក់តាមអាកាសមួយនៅរដ្ឋការ៉ែនជិតព្រំដែនថៃ​- មីយ៉ាន់ម៉ា នៅរសៀលថ្ងៃអង្គារនេះ បន្ទាប់ពីក្រុមប្រដាប់អាវុធជនជាតិភាគតិចនៃកងទ័ពរំដោះជាតិការ៉ែន (KNLA) បានវាយប្រហារទៅលើមូលដ្ឋានយោធាមួយនៅលើច្រាំងទន្លេ​Salween កាលពីព្រឹកថ្ងៃអង្គារ។

អ្នកនាំពាក្យរបស់កងពលតូចលេខ​​៥ នៃកងទ័ពរំដោះជាតិការ៉ែន​(KNLA) បានប្រាប់រ៉យទ័រថា អ្នកប្រយុទ្ធម្នាក់បានទម្លាក់គ្រាប់បែកមួយគ្រាប់ ហើយបានបាញ់រ៉ុក្កែតនៅម៉ោងប្រហែល​១និង៣០ នាទីរសៀលនៅក្នុងតំបន់Dah Gwe។

លោកបាននិយាយ សំដៅការវាយប្រហារតាមអាកាសរបស់យោធាកាលពីខែមីនា នៅក្នុងតំបន់ដែលកាន់កាប់ដោយកងពលតូចលេខ ៥ របស់ KNLA ថា« យើងមិនទាន់បានរាយការណ៍អំពីការស្លាប់និងរបួសរបស់ជនស៊ីវិលនៅឡើយទេ ពីព្រោះអ្នកភូមិបានត្រៀម​ខ្លួន ដើម្បីភៀសខ្លួនបន្ទាប់ពីឧប្បត្តិហេតុកាលពីខែមុន»​។

ការវាយប្រហារតាមអាកាស នៅថ្ងៃអង្គារនេះ បានកើតឡើង បន្ទាប់ពីការវាយប្រហាររបស់កងពលតូចលេខ ៥ របស់ KNLAទៅលើតាវឡឺតាដែលជាប៉ុស្តិ៍ព្រំដែនយោធា ទល់នឹង​​ប្រទេសថៃ នៅម៉ោងប្រហែល​៥​ព្រឹកថ្ងៃអង្គារ។ កម្លាំង KNLA បានដណ្តើមកាន់កាប់មូលដ្ឋាននេះ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល​៣០នាទី​។

អ្នកស្រុកនៅព្រំដែនថៃបានសង្កេតឃើញថា មូលដ្ឋាននោះ ត្រូវបានអគ្គិភ័យឆាបឆេះនៅម៉ោង​ ៦ ព្រឹក។ យោងតាមរបាយការណ៍ដែលទទួលបានដោយមជ្ឈមណ្ឌលព័ត៌មានការ៉ែន បានឱ្យដឹងថា ដំបូងមានអ្នកស្លាប់និងរបួសជាច្រើននាក់ ហើយទាហានរបប​៧​នាក់បានព្យាយាមរត់គេច។

«ការផ្ទុះអាវុធលាន់ឮខ្លាំងណាស់។ យើងអាចស្តាប់និងមើលវាយ៉ាងច្បាស់។ យើងបានឃើញទាហានធ្វើចលនានិងគ្រាប់កាំភ្លើងធ្លាក់ចុះ​នៅឯមូលដ្ឋាន»។

Phadoh Mahn Mahn បាននិយាយថា លោកមិនអាចបញ្ជាក់ពីព័ត៌មានលម្អិតនៃការវាយប្រហារលើប៉ុស្តិ៍ព្រំដែននោះទេ។

ចាប់តាំងពីពេលនោះមក អ្នកភូមិនៅព្រំដែនថៃ បានភៀសខ្លួនដោយភ័យខ្លាចការវាយប្រហារតាមអាកាស។ ប្រជាជនក្នុងតំបន់ជាច្រើននៃឃុំ Mae Sam Laep ដែលជាភូមិ Karen បានបិទហាងនិងចាកចេញពីផ្ទះ។

អ្នកស្រុក ជាពិសេសស្ត្រីនិងកុមារ មិនបានស្នាក់នៅក្នុងភូមិទេឥឡូវនេះ។ កូន​ៗ​ខ្ញុំ និងខ្ញុំ ក៏ភៀសខ្លួនចេញពីផ្ទះដែរ។ យោធាថៃក៏បានបង្កើនសន្តិសុខនិងកំពុងបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់ព្រំដែន។

កាលពីថ្ងៃទី​២៧ ខែមីនា KNLA បានរឹបអូសទីតាំងឈរនៅលើកំពូលភ្នំមួយ ដែលកាន់កាប់ដោយកងពលតូចថ្មើរជើងលេខ ៣៤៩ របស់កងទ័ពយោធា។ KNLA បានសម្លាប់ទាហាន ១០ នាក់រួមទាំងមន្រ្តីម្នាក់និងបានចាប់អ្នកទោស ៨ នាក់។

នៅក្នុងការសងសឹក យោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមអាកាស និងបានបាញ់កាំភ្លើងធំជាច្រើន នៅតំបន់នោះ ដោយបានផ្លាស់ទីលំនៅជនស៊ីវិលជាង ៣០,០០០ នាក់។ មនុស្សប្រមាណ ៣.០០០ នាក់បានឆ្លងទន្លេ ដើម្បីស្វែងរកការជ្រកកោននៅក្នុងប្រទេសថៃ ប៉ុន្តែមនុស្សជាច្រើនត្រូវបានបង្ខំឱ្យវិលត្រឡប់ទៅវិញ។

ប្រភពពីការ៉ែន បាននិយាយថា ជនភៀសខ្លួនប្រមាណ ១.០០០ នាក់ដែលភាគច្រើនជាព្រឹទ្ធាចារ្យ ស្ត្រីនិងកុមារ កំពុងស្ថិតនៅក្នុងប្រទេសថៃនៅឡើយ។

ក្រុម KNU ដែល​ជាក្រុមនយោបាយជនជាតិភាគតិចចំណាស់ជាងគេ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបដិសេធការធ្វើរដ្ឋប្រហាររបស់យោធា កាលពីថ្ងៃទី​១ខែកុម្ភៈ​៕ ប្រភព៖ The Irrawaddy ប្រែសម្រួល៖ នង ណារិន

Telegram