រាជធានីភ្នំពេញ ៖ ជនបរទេសម្នាក់ បើកម៉ូតូធំក្នុងល្បឿនលឿន បានបុកផ្តាច់ជីវិតស្ត្រីម្នាក់ ដែលជាអ្នករើសអេតចាយ នៅក្បែររបងវិទ្យាល័យព្រះស៊ីសុវត្ថិ យ៉ាងរន្ធត់ ខណៈគាត់ឆ្លងផ្លូវមិនទាន់ផុតផង ។
ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង៣ ទៀបភ្លឺ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនបរទេសម្នាក់ បើកម៉ូតូធំ Honda XR មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1IY-2148 បើកតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏បានបុកផ្តាច់ជីវិតស្ត្រីម្នាក់ ដែលជាអ្នករើសអេតចាយ កំពុងដើរឆ្លងផ្លូវ នៅក្បែររបងវិទ្យាល័យព្រះស៊ីសុវត្ថិ ស្លាប់យ៉ាងរន្ធត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ ធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុក នៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងឃាត់ខ្លួនជនបរទេស ដែលជាអ្នកបើកបរម៉ូតូធំខាងលើ យកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរនាំ និងចាត់ការបន្តទៅតាមនិតិវិធីច្បាប់។ រីឯសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារនិងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ Mrr Ka