មកដឹងលំអិតករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋទាំងព្រឹក បង្កការភ្ញាក់ផ្អើលផ្តើមចេញពីការដុតសម្រាមរាលដាលដល់រោងស្តុកឈើបង្កជាអគ្គិភ័យតែម្តង (មានវីដេអូ)
សន្តិសុខសង្គម
70

រាជធានីភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលស្ថិតចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៨គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប និងរថយន្តជំនួយមកពីសាលាខណ្ឌកំបូល ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡានស្មើនឹង០៤ម៉ែត្រគូប, រថយន្តរបស់កងពលតូចលេខ ៧០ (ង៧០)ចំនួន០៦គ្រឿងប្រើប្រាស់ទឹកអស់០៤ឡាន ស្មើនឹង៣៦ម៉ែត្រគូប, រថយន្តរបស់បញ្ជាការដ្ឋានទ័ពពិសេស ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើនឹង១២ម៉ែត្រគូប និងរថយន្តរបស់បុរីសង្ឃឹមថ្មី ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើនឹង០៨ម៉ែត្រគូប។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺឈើលើថ្មក្រោម ទំហំ (៧ម៉ែត្រ x ១២ម៉ែត្រ) ឆេះខូចខាតអស់ទាំងស្រុង ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ១១និង២០នាទីព្រឹកថ្ងៃខែឆ្នាំដដែរ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបណ្តាលមកពីការដុតសម្រាមរាលដាលដល់រោងស្តុកឈើបង្កជាអគ្គិភ័យ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ៕





Telegram