ប្រយត្ន័ប្រយ៉ែងបងប្អូន! ធ្លាយធុងហ្គាស នៅផ្ទះបញ្ចូលហ្គាសមួយកន្លែង ឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រញាប់ចុះបាញ់ពន្លត់!!!
សន្តិសុខសង្គម
166

រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះបញ្ចូលហ្គាស មួយខ្នងយ៉ាងសន្ធោសន្ធៅ ផ្អើលអ្នកដល់ភូមិ ខ្លះនាំគ្នាទាញទុយោបាញ់ទឹក ខ្លះទៀតគប់ទឹកចូល ខ្លះទៀតប្រញាប់ជួយជញ្ជូនអីវ៉ាន់រត់ ទាំងដែលក្នុងផ្ទះដែលឆេះនេះ មានធុងហ្គាសជាច្រើនធុង និងប្រញាប់រាយការណ៍ជូនរថយន្តពន្លត់អគ្គិភ័យ ដើម្បីចុះមកអន្តរាគមន៍បាញ់ពន្លត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណុចផ្ទះលេខ១៨ ផ្លូវ១៨ ក្រុម២១ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភំ្នពេញ។

តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ ដែលTVFB ទទួលបាន បានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើ មានឈ្មោះ ជា ប៉ូឡាយ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ:អ្នកបញ្ចូលហ្គាស។

ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ភ្លាមនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៨គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០៥ឡាន ស្មេីរនឹង២០ម៉ែត្រគូប​,​ រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង​ ពុំបានប្រើប្រាស់ទឹក​ និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា​ ចំនួន​០១គ្រឿង​ ប្រើប្រាស់ទឹកអស់០១ឡាន​ ស្មើរនឹង០៦ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ (៤ម៉ែត្រ គុណ ១៥ម៉ែត្រ) បានបណ្តាលឲ្យឆេះខូចខាតផ្ទះល្វែង​ ១ខ្នង, ឧបករណ៍បញ្ចូលហ្គាស,​ សម្ភារៈសម្រាប់ជួសជុលម៉ាញ៉េ​ រួមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទីខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ រីឯមូលហេតុ បណ្តាលមកពីការធ្លាយហ្គាសបង្កជាអគ្គិភ័យ៕ អែល វិចិត្រ +មេសា


Telegram