រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទដៃ ពីប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវ ត្រូវបានប្រជាពលរដ្ឋស្ទាក់ជាប់ វាយចាស់ដៃ និងប្រញាប់រាយការណ៍ជូបសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក អធិការដ្ឋាននគរបាលខណ្ឌបឹងកេង ចុះមកធ្វើការឃាត់ខ្លួន យកទៅសាកសួរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចមុខមន្ទីរពេទ្យហុងអ៊ិន ផ្លូវព្រះមុន្នីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ការបង្ក្រាបនេះ គឺដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ទឹក បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ហ៊ុន លីណា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ១១១ ផ្លូវBT សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ (គ្មានសារធាតុញៀន) ។
ក្នុងនោះ វត្ថតាងចាប់យករួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកSUZUKI NEX ពណ៌ក្រហម-ស សេរីឆ្នាំ២០២៣ ពាក់ផ្លាក់លេខ ភ្នំពេញ 1KD-7746 (របស់ជនសង្ស័យ), ទូរស័ព្ទដៃ០១គ្រឿង ម៉ាកIPhone 12Pro Max ពណ៌ទឹកមាស (ជារបស់ជនរងគ្រោះ) ហើយចំពោះទូស័ព្ទរបស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់អោយជនរងគ្រោះវិញ តាមពាក្យស្នើសុំ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ មេសា