ខេត្តពោធិ៍សាត់៖ បុរស០២នាក់ ជិះម៉ូតូដឹកគ្នា ក្នុងទិសដៅពីកើតទៅលិច មិនប្រកាន់ស្តាំ ត្រូវរថយន្ត ដែលធ្វើដំណើរច្រាសគ្នា បុកបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ នេះបើយោងតាមគេហទំព័ររបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ ។
ករណីនេះកើតឡើងនៅ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ ៨៨–៨៩ ចំណុចស្រែពាំង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំ ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសពីរនាក់ ជិះម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចទៅកើត មិនប្រកាន់ស្តាំ មកដល់ចំណុចកើតហេតុខាងលើស្រាប់តែមាន រថយន្តម៉ាក HYUNDAI COUNTY ពណ៌ លឿងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 3B-7723 ឆ្នាំផលិត2000 ចង្កូតឆ្វេងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ច្រាសគ្នា បណ្តាលឲ្យបុរសពីរនាក់ ដែលជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយឃើញហេតុការណ៍ដូចប្រភពព័ត៌មានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញ បានចុះអន្តរាគមន៍ ដល់កន្លែងកើតហតុ នឹងបានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយកត្តា អ្នកបើកបរម៉ូតូ បើកបរមិនប្រកាន់ស្តាំនិងមិនពាក់មួកសុវត្ថិភាព តុល្យភាពនៃការខូចខាត បណ្តាលអោយខូចខាតម៉ូតូ ០១គ្រឿង រថយន្ត០១ គ្រឿង ស្លាប់មនុស្ស ចំនួន០២ នាក់ប្រុស ។ លោកអធិការបានបន្តថាជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណទី១ ឈ្មោះ លន ពុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ទី២ឈ្មោះជឹម ជីម ភេទប្រុស អាយុ៤៥ឆ្នាំ ជាអ្នករួមដំណើរ ស្លាប់កន្លែងកើតហេតុអ្នកទាំងពីរ មានទីលំនៅ ក្នុងចំណុចកំប៉ង ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ចំពោះអ្នកបើកបររថយន្ត បានរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ បច្ចុប្បន្ន សពជនរងគ្រោះ សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូចំនួន០១ គ្រឿង រថយន្តចំនួន០១គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ជាបណ្តោះអាសន្ន ៕