(អគ្គនាយកដ្ឋាន ក.ប.ប.)៖ បន្ទាប់ពីមានការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោកប៊ុន ចំរើន អគ្គយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរដែនដីធ្វើការកម្ទេចចោលទំនិញដែលជាស៊ុតមាន់ចំនួន ៨, ១៩០ គីឡូក្រាម ក្រោយរកឃើញថាស៊ុតមាន់ទាំងអស់នោះ ពុំមានអនុលោមភាពត្រឹមត្រូវតាមបទប្បញ្ញត្តិ ពុំមានឯកសារបញ្ជាក់ពីគុណភាពត្រឹមត្រូវ និងពុំបានអនុវត្តលក្ខខណ្ឌតម្រូវនៃម្ហូបអាហារ។
ភាពមិនអនុលោមទាំងអស់នេះ គឺពិតជាធ្វើឱ្យមានហានិភ័យលើសុខភាពអ្នកប្រើប្រាស់ និងប៉ះពាល់សុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរប្រសិនបើស៊ុតទាំងអស់នេះរបូតទៅលើទីផ្សារ។
អគ្គនាយកដ្ឋាន ក.ប.ប. សូមសុំណូមពរដល់ធុរកិច្ចជន និងប្រតិបត្តិករអាជីវកម្មទាំងអស់អនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី និងអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសដែលមានចែងជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា។