រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងទាំងព្រឹក ខណៈអគ្គិផ័យឆាបឆេះផ្ទះប្រចាពលរដ្ឋមួយកន្លែង ហ៊ុយផ្សែងឡើងលើអាកាស ខ្មៅទ្រលោម ខ្លះប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ខ្លះទៀតនៅទីតាំងកើតហេតុ មានទាំងព្រះសង្ឃ មានទាំងប្រជាពលរដ្ឋ ជួយពន្លត់ និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៥០នាទី ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួល ផ្លូវទន្លេមេគង្គ ក្រុម១ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងដែលឆេះមានឈ្មោះ ប៊ូ វាសនា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅស្នាក់នៅបន្ទប់លេខ២០ ក្រុម១ ផ្លូវទន្លេមេគង្គ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គ្រាន់តែទទួលបានព័ត៌មានពីការឆាបឆេះនេះភ្លាម សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ប្រើអស់ចំនួន ១៤គ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់ ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០៧គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន OCIC អស់ចំនួន ០៧គ្រឿង ទើបរលត់ទៅវិញ ដោយបានឆេះបំផ្លាញ ផ្ទះមួយខ្នងទំហំ ១០ម៉ែត្រ X ៨ ម៉ែត្រ ឈើលើថ្មក្រោម មានចំនួន ០៩បន្ទប់ ក្រោម ០៦បន្ទប់ លើ០៣បន្ទប់, ម៉ូតូហុងដាសេ១២៥ ចំនួន ០១គ្រឿង និងសម្ភារៈអគ្គីសនី អស់មួយចំនួន។
សូមបញ្ជាក់ថា អគ្គីភ័យខាងលើបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ១០ និង ៤០នាទី ថ្ងៃខែឆ្នាំដដែល ៕ វិចិត្រ