រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូធូដេ របស់គេបានសម្រេចទៅហើយ តែស៊យម្ចាស់គេឃើញទាន់ ស្រែកឆោឡោចោរៗផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ កំពុងល្បាត ធ្វើការឃាត់ខ្លួនបានភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចឃ្លាំង លេខ៦៥៦ ផ្លូវ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហួន ចាន់ណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន)។ ដកហូតបាន ម៉ូតូម៉ាក HONDA TODAY ពណ៌លឿងខ្ចី បិទពណ៌ផ្កាឈូក ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BZ-1404 ចំនួន០១គ្រឿង ជាម៉ូតូរបស់ជនរងគ្រោះឈ្មោះ ភេង សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅឃ្លាំងលេខ ៦៥៦ ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ បានទុកម៉ូតូម៉ាកហុងដាធូដេ០១គ្រឿង ពណ៌លឿងខ្ចីបិតពណ៌ផ្កាឈូក ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BZ-1404 នៅខាងមុខឃ្លាំងកញ្ចក់លេខ៦៥៦ ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិនបានដកកូនសោរចេញពីម៉ូតូ ហើយជនរងគ្រោះក៏បានទៅយកម៉ូតូអូសរ៉ឺម៉កដឹកកញ្ចក់ទៅឲ្យក្រុមហ៊ុនកញ្ចក់យីហោ បុ័ងលួន ឃ្លាំងនៅទល់មុខគ្នា ស្ថិតនៅ ផ្លូវ៣៧១ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រហូតដល់វេលាម៉ោង១០និង៣០នាទី ជនរងគ្រោះ កំពុងតែរៀបចំលើកកញ្ចក់ចេញពីលើរ៉ឺម៉ក ស្រាប់តែឃើញជនសង្ស័យ កំពុងតែអូសម៉ូតូរបស់ ជនរងគ្រោះ និងបញ្ឆេះជិះចេញពីឃ្លាំងកញ្ចក់ខាងលើ ទើបជនរងគ្រោះស្រែកឆោឡោថាចោរ ៗឲ្យអ្នកជិតខាងជួយ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ កំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋានក្បែរកន្លែងកើតហេតុបានឮជនរងគ្រោះស្រែក ក៏បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាងតែម្តង។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជា បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បី ចាត់ការតាមផ្លូវច្បាប់តែម្តង ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួល ពីលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចយើងឃាត់ ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ