រាជធានីភ្នំពេញ៖ ក្រុមក្មេងស្ទាវមួយក្រុម បានជិះម៉ូតូ ដេញកាប់គ្នាបង្កជាអាណាធិបតេយ្យពេញផ្លូវ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ជិះល្បាតឃើញ ក៏ប្រដេញតាមរហូតមកដល់ក្នុងបុរីកីឡាខណ្ឌ៧មករា ស្រាប់តែត្រូវក្មេងទំនើងទាំងនោះ ប្រដាប់ដោយកាំបិត ដុំថ្ម និង ដំបងកាប់ ទៅលើកម្លាំងអាវុធហត្ថម្នាក់រងរបួស រួចកាប់ម៉ូតូម៉ាកស្កុបពីខ្ទេចមួយគ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណុចក្រោយអាគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកម្លាំងអាវុធហត្ថរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឮតាមវិទ្យុទាក់ទង ពីខាងកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ថាមានក្មេងទំនើងមួយក្រុម បានចេញពីហាងផឹកស៊ីមួយកន្លែង រួចវាយប្រតាយប្រតប់គ្នាពេញដងផ្លូវ ហើយកម្លាំងអាវុធហត្ថខណ្ឌដូនពេញបានជិះប្រដេញតាមពីក្រោយក្មេងទំនើងទាំងនោះ រហូតមកដល់នឹងផ្លូវភ្លោះ អូរឫស្សី កម្លាំងអាវុធហត្ថខណ្ឌ៧មករា មានទាំងស៊ីវិល និងឯកសណ្ឋាន កំពុងល្បាតតាមដងផ្លូវ បានឃើញក៏ជួយប្រដេញតាមក្មេងទំនើងទាំងនោះ រត់រហូតមកដល់ផ្លូវបេតុង ចំណុចក្រោយអាគារបុរីកីឡា ក៏ត្រូវក្មេងទំនើង បានហៅគ្នីគ្នាបក្ខពួកមានទាំងដុំថ្ម និងដំបង កាំបិត កាប់ទៅលើកម្លាំងអាវុធហត្ថម្នាក់ត្រូវដៃរងរបួស រួចកាប់កម្ទេចម៉ូតូកងកម្លាំង ម៉ាកហុងស្កុបពី អស់មួយគ្រឿង ទើបកម្លាំងអាវុធហត្ថគេចយករួចខ្លួនសិន សឹមត្រឡប់មកវិញ។
ក្រោយមកខាងកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ក៏យកម៉ូតូទៅជួសជុល និងធ្វើការស្រាវជ្រាវបន្ត ដើម្បីតាមចាប់ក្រុមក្មេងទំនើងទាំងនោះ យកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕ មេសា