ខេត្តព្រះសីហនុ ៖ មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ប្រញាប់រាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ដើម្បីចុះអន្តរាគមន៍ពិនិត្យ ខណៈបានឃើញ បុរសម្នាក់ ជាប់ខ្នោះដៃក្នុងប្រឡាយទឹក ដោយមិនដឹងមូលហេតុ ។ នេះបើយោងតាមរបាយការណ៍របស់ Hotline 117 មជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការនគរបាលជាតិ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង ៥០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រាន់តែទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះដល់ទីតាំងកើតហេតុ ករណីប្រទះឃើញបុរសជនជាតិចិនម្នាក់ ដៃជាប់ខ្នោះទៅក្រោយក្នុងប្រឡាយទឹកស្រែកឲ្យគេជួយ ។
ករណីនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងប៉ុស្តិ៍បិតត្រាំង ចុះដល់ទីតាំង ដើម្បីស្រាវជ្រាវ ។
ជនរងគ្រោះត្រូវបានគេដាក់ទៅក្រោយ និងមានស្នាមរបួសជាច្រើនកន្លែង ។ បច្ចុប្បន្នត្រូវបានព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ខណៈសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តស្រាវជ្រាវលើករណីនេះ ៕