នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីទីតាំងមួយកន្លែង ដែលនាំចូលគ្មានប្រភពច្បាស់លាស់ សន្និធិ លក់ចែកចាយផលិតផលគ្រឿងសម្អាង និងអាហារបំប៉នគ្មានច្បាប់អនុញ្ញាតិ
សន្តិសុខសង្គម
244

រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានបង្ហោះនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឲ្យបានដឹងថា សមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល បានចុះបង្ក្រាបទីតាំងករណីនាំចូលគ្មានប្រភពច្បាស់លាស់ សន្និធិ លក់ចែកចាយផលិតផលគ្រឿងសម្អាង និងអាហារបំប៉នគ្មានច្បាប់អនុញ្ញាតិ នៅផ្ទះលេខ BA11+BA12 ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់របស់លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញ និងដកហូតនូវវត្ថុតាងគ្រឿងសម្អាង និងអាហារបំប៉នសរុបចំនួន ៤៨មុខ (ទំងន់ ៥.៦៤១គីឡូក្រាម) នៅក្នុងនោះមានចំនួន ២៩មុខ គ្មានច្បាប់ ដោយឡែកចំនួន ០៩មុខ មានវិញ្គាបនប័ត្រប្រវេទន៍ ប៉ុន្តែហួសសុពលភាព និងមានច្បាប់តែចំនួន ១០មុខប៉ុណ្ណោះ ដែលនាំចូលគ្មានប្រភពច្បាស់លាស់ គ្មានប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាតិ ។

បច្ចុប្បន្នវត្ថុតាងខាងលើលោក ព្រះរាជអាជ្ញារង បានសំរេចឲ្យបិទផ្លុំបេ នៅផ្ទះលេខ BA11 ជាបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងយកមកសារសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី ៕


Telegram