រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ធ្វើការល្បាតឃាត់ខ្លួនបាន ឈានទៅដល់ការឆែកឆេរផ្ទះ ដកហូតម៉ូតូ៤គ្រឿង និងរថយន្តមួយគ្រឿង ពាក់ព័ន្ធករណី ទទួលផលចោរកម្មក្នុងអំពើលួច (ម៉ូតូ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៤ ត្រង់ចំណុចមុខរោងលក់ដូរលើទឹក ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ ឆេង ចាន់ដេត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់ម៉ូតូ ទីលំនៅបុរីរុងរឿង ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះ វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ស សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ1IE-4737 មានលេខតួ355642 និងលេខម៉ាស៊ីន355495 ចំនួន០១គ្រឿង, ២/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខសៀមរាប 1AK-2488 មានលេខតួ 339848 និងលេខម៉ាស៊ីន340016 ចំនួន០១គ្រឿង, ៣/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខ្មៅលាយសក្រហម ពាក់ផ្លាកលេខភ្នំពេញ1CA-4602 មានលេខតួ305511 និងលេខម៉ាស៊ីន305594 ចំនួន០១គ្រឿង, ៤/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IJ-7681 មានលេខតួ និងលេខម៉ាស៊ីន5838213 ចំនួន០១គ្រឿង ៥/ រថយន្តម៉ាក SSANG YONG ISTNANA ពណ៌ស សេរីឆ្នាំ១៩៩៩ ពាក់ផ្លាកលេខភ្នំពេញ2V-2623 មានលេខតួ KPDAB7 E81XP077992 លេខម៉ាស៊ីន66291110076688 ចំនួន០១គ្រឿង ៦/ទូរស័ព្ទដៃម៉ាកOPPO ពណ៌ស្វាយ ចំនួន០១គ្រឿង ៧/ទូរស័ព្ទដៃម៉ាកOPPO ពណ៌ក្រហមចំនួន០១គ្រឿង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៤និង០០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ តាមផ្លូវបេតុង៥០ម៉ែត្រ ដល់ចំណុចខាងមុខរោងលក់ដូរលើទឹក ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យ០១នាក់ឈ្មោះ ឆេង ចាន់ដេត ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងលើកម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ស សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ1IE-4737 មានលេខតួ355642 និងលេខម៉ាស៊ីន355495 ដាក់លើរថយន្តម៉ាក SSANG YONG ISTNANA ពណ៌ស សេរីឆ្នាំ១៩៩៩ ពាក់ផ្លាកលេខភ្នំពេញ2V-2623 តែម្នាក់ឯង ដោយមានការសង្ស័យសមត្ថកិច្ចយើងក៏បានឃាត់ជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានទិញម៉ូតូម៉ាកខាងលើ ក្នុងបទល្មើសលួច ពីជនសង្ស័យមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ប្រើលេខទូរស័ព្ទ០៩៦៦៦៨៤៥៣៨ ក្នុងតម្លៃ២០០ដុល្លារ (ពីររយដុល្លារអាមេរិក) តែឱ្យលុយមុនបានចំនួន ២០០០០០រៀល (ម្ភៃម៉ឺនរៀល)ប៉ុណ្ណោះ ហើយសមត្ថកិច្ចក៏បាននាំជនសង្ស័យទៅធ្វើការឆែកឆេរនៅផ្ទះរបស់ជនសង្ស័យស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើការដកហូតបានវត្ថុតាងម៉ូតូ៣គ្រឿងទៀត យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្តង ។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមាន ការសម្របសម្រួលពីលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ