ខេត្តកំពង់ស្ពឺ៖ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាភិបាល គណៈកម្មការនាយកប្រតិបត្តិ និងឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសានូបត្ថម្ភក៍ ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ព្រមទាំងឥស្សរជន សប្បុរសជន ព្រះសង្ឃ ពុទ្ធបរិស័ទនៅរាជធានីភ្នំពេញ ខេត្តក្រុង បានមូលមតិគ្នាជាឯកច្ឆន្ទរៀបចំធ្វើ បុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តធម្មបណ្ឌិតគិរីមន្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ដើម្បីប្រមូលថវិកាសម្រាប់កសាង ព្រះចូឡាមុនីចេតិយ ទំហំ៦៣ម៉ែត្រ x ៦៣ម៉ែត្រ មាន១០ជាន់ កម្ពស់៧៣.៨ម៉ែត្រ កសាងផ្លូវសន្លឹកពោធិ៍ ១ម៉ែត្រការេ ៤៥ដុល្លារ ជាង៥៥០០ម៉ែត្រ ។
កម្មវិធីបុណ្យនេះ មានអ្នកផ្តើមបុណ្យ សម្តេចសង្ឃ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា , គណៈកម្មាធិការនាយកប្រតិបត្តិ និងទីប្រឹក្សានៃមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនា កម្ពុជា , គណៈកម្មាធិការ និងពុទ្ធបរិស័ទនាទីស្វែងយល់ព្រះពុទ្ធសាសនា ព្រះសង្ឃ ឥស្សរសជន សប្បុរសជន និងមហាពុទ្ធបរិស័ទគ្រប់ខេត្តក្រុងទូទាំងប្រទេស ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃអង្គារ៍ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយនៅវេលាម៉ោង ១ និង ៣០នាទីរសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ នៅ នាទីស្វែងយល់ព្រះពុទ្ធសាសនា ស្ថិតក្នុងបរិវេណ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជា , ម៉ោង២ រសៀល ភ្ញៀវកិត្តិយសអញ្ជើញដល់ ,ម៉ោង ២និង ៣០នាទីរសៀល មនសក្ការព្រះរតនត្រ័យ និងសមាទានសីល និងចម្រើនព្រះបរិត្ត , ម៉ោង ៣ រសៀល ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសានូបត្ថម្ភក៍ ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ធ្វើកិច្ចស្វាគមន៍ និងប្រគេនបុណ្យ ជូនបុណ្យ , ម៉ោង ៣និង ៣០នាទីរសៀល សម្តែងធម្មទេសនា ដោយសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ , នៅម៉ោង ៤និង ៣០នាទីរសៀល អញ្ជើញភ្ញៀវកិត្តិយសពិសារភោជនាអាហារ ។
លុះនៅថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលម៉ោង ៤និង ៣០នាទីព្រឹក ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ នៅ នាទី ស្វែងយល់ព្រះពុទ្ធសាសនា , ម៉ោង៥ព្រឹក ចេញដំណើរទៅកាន់ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅឧទ្យានជាតិគិរីរម្យ , ម៉ោង៨ព្រឹក ជួបជុំពុទ្ធបរិស័ទនៅមជ្ឈមណ្ឌល វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅគិរីរម្យ , ម៉ោង៨និង២០នាទី អគ្គមហាឧបាសិកាជម្រាបអំពីការងារសាងសង់ នៅមជ្ឈមណ្ឌល វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងគោរពជូនបុណ្យ , ម៉ោង ៩និង ៣០នាទីព្រឹក សម្តែងព្រះធម្មទេសនា ដោយលោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស , ម៉ោង១០ព្រឹក វេរអង្គកឋិនទានសាមគ្គីប្រគេនព្រះសង្ឃ ដែលគង់ព្រះវស្សា លុះម៉ោង១១ព្រឹក វេរភត្តប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ ។
សរុបថវិកាបុណ្យកឋិនដែលទទួលបាន មានចំនួន ៥៨២,៥៧៣,១០០រៀល សូមអនុមោទនាបុណ្យ បានជាឧបនិស្ស័យសម្រេចបានសម្បត្តិមនុស្ស ដ៏ខ្ពង់ខ្ពស់ សម្បត្តិទេវតា និងសម្បត្តិដ៏ថ្លៃថ្លាគឺព្រះនិព្វានកុំបីអាក់ខានឡើយ ៕