រកឃើញសាច់គោ ក្របី និងគ្រឿងក្នុង ជាង១៤តោនខូចគុណភាព និងគ្មានប្រភពច្បាស់លាស់
សន្តិសុខសង្គម
271

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមការចង្អុលបង្ហាញផ្ទាល់ដោយ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តចុះត្រួតពិនិត្យទីតាំងស្តុកទុកសាច់បង្កកចំនួន២ ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖

ទីតាំងទី១៖ បានសហការជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដី ដោយបានរកឃើញ ផលិតផលសាច់គោ ក្របី និងគ្រឿងក្នុង បង្កក រួមមាន ៖

- សាច់គោខូចគុណភាព ប្រមាណ ១,៥០០គីឡូក្រាម

- សាច់គោ ក្របី និងគ្រឿងក្នុង ពុំមានឯកសារបញ្ជាក់អំពីប្រភពច្បាស់លាស់ ចំនួន ១២,៦០០គីឡូក្រាម

ផលិតផលខាងលើនេះ ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. អនុវត្តនីតិវិធីកិបសៀល លើទូរបង្កកសាច់ទាំងនោះ ជាបណ្តោះអាសន្ន ដោយទុករយៈពេល១សប្ហាហ៍ ឱ្យម្ចាស់ទីតាំងរកឯកសារមកបញ្ជាក់ចំពោះមន្ត្រីជំនាញ។

ទីតាំងទី២៖ មានកិច្ចសហការជាមួយអាជ្ញាធរដែនដី បានរកឃើញផលិតផល រួមមាន៖

- សាច់គោ ក្របី និងគ្រឿងបំណែក ប្រមាណ ៦០,៥៧០គីឡូក្រាម មានឯកសារនាំចូលត្រឹមត្រូវ និងមានប្រភពមកពីប្រទេសឥណ្ឌា

- សាច់មាន់ បរិមាណ ១,៥០០គីឡូក្រាម ជាការបញ្ជាទិញនៅក្នុងស្រុក

ទន្ទឹមនឹងនោះ មន្រ្តីជំនាញបានធ្វើតេស្តបឋម និងដកយកគំរូផលិតផលខាងលើបញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.។

យ៉ាងណាមិញ ដោយសារលក្ខណ្ឌរក្សាទុក នៅមានកម្រិត (-3) (-7) និង(-11)អង្សារ និងការដឹកជញ្ជូនពុំសមស្របតាមលក្ខណៈបច្ចេកទេស មន្រ្តីយើងបានធ្វើការអប់រំណែនាំឱ្យកែតម្រូវ និងពិន័យអន្តរកាណ៍តាមបទប្បញ្ញត្តិជាធរមាន៕


Telegram