ខេត្តសៀមរាប៖ ពិតជារន្ធត់ណាស់ យ៉ាងហោចណាស់មនុស្សចំនួន ៦នាក់បានស្លាប់ និង១៨នាក់ទៀត របួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈរថយន្តដឹកក្រុមឆៃយ៉ាំមួយគ្រឿង បើកលឿនចំសភាពផ្លូវចំណោតខ្លាំង ហើយបត់កែងមិនប្រយ័ត្ន ក៏ធ្លាក់ផ្លូវលើភ្នំគូលេនក្រឡាប់ជាច្រើនជុំតែម្តង ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំថ្ងៃអុំទូកទី២ លើផ្លូវបេតុង ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់នេះ ម៉ាក TOYOTA TACOMA PICKUP ពណ៌ សផ្លាកលេខ សៀមរាប 28-4740 បានធ្លាក់ផ្លូវភ្នំគូលែន ក្រឡាប់ជាច្រើនជុំ បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ ក្នុងនោះមានស្រី០២នាក់ , ១៣នាក់ទៀត របួសធ្ងន់ ក្នុងនោះមានស្រី០៧នាក់, ០៥នាក់ទៀត របួសស្រាលក្នុងនោះមានស្រី០៣នាក់ ខណៈរថយន្តនេះ មកបុណ្យកឋិន នៅវត្តលើភ្នំគូលេន ។
ភ្លាមៗកម្លាំងនគរបាលស្រុកស្វាយលើ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ បានចុះដល់កន្លែងកើតហេតុ សម្រួលចរាចរណ៍ និងវាស់វែង បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ ចំណែកឯសពជនរងគ្រោះត្រូវបានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នកបើកបររថយន្ត រត់គេចខ្លួន ។ ដោយឡែករថយន្តខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ស្វាយលើ រង់ចាំការដោះស្រាយតាមនីតិវិធី៕