ខេត្តព្រះវិហារ ៖ ករណីឃាតកម្មមួយបានកើតឡើង ដោយបុរសម្នាក់ បានយកអាវុធកែច្នៃ (កាប៊ីន) បាញ់ស្លាប់ពូនិងមីងរបស់ខ្លួនទាំង ២នាក់ប្តីប្រពន្ធ ដោយសារគំនុំ ចោទថាចេះអាបធ្មប់ ។នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបុស្សល្ហុង ចំការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងដោយឈ្មោះ អាំ ឡាម ភេទប្រុស អាយុ២៩ឆ្នាំ (ត្រូវជាក្មួយជនរងគ្រោះ) បានប្រើប្រាស់អាវុធកែច្នៃ(កាប៊ីន) ចំនួន ០២ដើម បាញ់ទៅលើជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បណ្តាលឲ្យស្លាប់ភ្លាមៗ ទាំង២នាក់នៅកន្លែងកើតហេតុ ដោយសារគំនុំ ចោទថាចេះអាបធ្មប់ ។
ករណីខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនបានជនដៃដល់ជាឃាតករ និងជាក្មួយបាន និងដកហូតបានអាវុធកែច្នៃ(កាប៊ីន)ចំនួន ០២ដើមផងដែរ។
ក្នុងនោះ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប្រើប្រាស់ លាក់ទុក និងកំពុងកែច្នៃអាវុធកាប៊ីនដោយខុសច្បាប់ សូមរួសរាន់រាយការណ៍ និងប្រគល់ជូនសមត្ថកិច្ចជាបន្ទាន់ដោយស្ម័គ្រចិត្ត មិនដូច្នេះទេ លោកអ្នកប្រឈមនឹងផ្លូវច្បាប់។សមត្ថកិច្ចយើងខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋសហការបានល្អ ៕