រាជធានីភ្នំពេញ៖ សម្លេងសារ៉ែនរថយន្តលាន់រំពង ទាំងកណ្តាលយប់ រហូតដល់ព្រឹក បានបន្តចេញអន្តរាគមន៍បាញ់ពន្លត់ អគ្គិភ័យឆាបឆេះ នៅផ្សារបុរីសន្តិភាព២ យ៉ាងសន្ធោសន្ធៅ ខ្មួរខ្មាញ់ កាលពីវេលាម៉ោង ១២និង ៥០នាទីយប់ ឈានចូលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណុចផ្លូវបេតុង ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបានបំផ្លាញតូបលក់ដូរ អស់ជាង៤០០តូបឯណោះ ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ទីតាំង មានឈ្មោះ ស្រី ចាន់ថាត ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ម្ចាស់ផ្សារ ខណៈមូលហេតុ នៃការឆាបឆេះនេះ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ។
ភ្លាមៗ ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ២០ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៤០ រថយន្ត ស្មើរនឹង ៩៦០ ម៉ែត្រគូប ។
+ រថយន្តជំនួយ:
- រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនឹង ១២ ម៉ែត្រគូប ។
- រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនឹង ១២ ម៉ែត្រគូប ។
- រថយន្តអគ្គិភ័យង៧០ចំនួន ០៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៩ រថយន្ត ស្មើនឹង ៣៦ ម៉ែត្រគូប ។
- រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨ រថយន្ត ស្មើនឹង ៣២ម៉ែត្រគូប ។
ទើបរលត់ទៅវិញ នៅវេលាម៉ោង ០៨:០០ នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល ដោយឆេះទីតាំង ប្រភេទដែកប្រក់ស័ង្កសី ទំហំ ៣២ គុណ១០០ ម៉ែត្រ ឆេះតូបក្នុងផ្សារចំនួន ៤១៩ តូប អស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ៕