រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ Dream C125 បុកគ្នាជាមួយនឹងម៉ូតូ Honda Wave ពេញមួយទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ៩០៧ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូ Dream C125 មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BI-4306 បើកតាមបណ្ដោយផ្លូវ ៩០៧ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏បុកគ្នាជានឹងម៉ូតូ Honda Wave ដែលពាក់ស្លាកលេខ ភ្នំពេញ 1CI-2266 កំពុងឆ្លងផ្លូវ ដែលជិះក្នុងទិសដៅបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្ដសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ រីឯសពជនរងគ្រោះប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ Mrr Ka