ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន ៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៤និង ៤៥នាទី នៅចំណុចភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យទាំង ៥នាក់ខាងលើ រួមមាន ៖
១- ឈ្មោះ ធី រ៉ាដូ ហៅភឿក ភេទប្រុសអាយុ២២ ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិស្នាយពល ឃុំស្នាយពល ស្រុកពារាំង ខេត្តព្រៃវែង ។
២-ឈ្មោះជា សុភត្រ្តា ហៅម៉ៅ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិកញ្ចំ ឃុំកញ្ចុំ ស្រុកពារាំង ខេត្តព្រៃវែង។
៣-ឈ្មោះវិន នាត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិព្រែកទំពូង ឃុំកញ្ចុំ ស្រុកពារាំង ខេត្តព្រៃវែង។
៤-ឈ្មោះសាំង វណ្ណា ហៅពយ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៥-ឈ្មោះឡុង វិច្ឆិកា ហៅវិច ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ស្នាក់នៅបន្ទប់ជួល ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងនោះ វត្ថុតាងចាប់យករួមមាន៖
១ -ម្សៅក្រាម ពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៨កញ្ចប់ (ធំ០៣ មធ្យម០២ កញ្ចប់ តូច០៣កញ្ចប់)
២-ម៉ូតូ០២គ្រឿង (ម៉ាក Honda dream ពណ៌ក្រហម ពាក់ផ្លាក់លេខព្រៃវែង ១S-៦៨៩៤ ម៉ាក Honda Beat ពាក់ស្លាកលេខ ព្រៃវែង ១Y ៩១៤៣ ស៊េរីឆ្នាំ២០២៤)
៣-ទូរស័ព្ទដៃចំនួន០៣គ្រឿង (ម៉ាក real me ០១ sumsung ០១ Nokia ១)
៤-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១ ។
សូមបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នរគបាលរដ្ឋបាលដីឥដ្ឋ សហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុក ធ្វើការល្បាតគោលដៅងាយរងគ្រោះ ក៏ប្រទះឃើញជនសង្ស័យ០៣នាក់ ១/ឈ្មោះ ជា សុភត្រ្តា (ម៉ៅ) ២ /ឈ្មោះ វិន នាត ៣/ឈ្មោះធី រ៉ាដូ(ភឿក) កំពុងឈរតាមផ្លូវលំចំណុចកំពង់ដរផ្លូវត្រី ស្ថិតនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការសង្ស័យកំលាំងសមត្ថកិច្ចបានឃាត់សួរនាំ ហើយឆែកឆេរ រកឃើញថ្នាំញៀនចំនួន០៤កញ្ចប់(មធ្យម០២ តូច០២) ទើបនាំខ្លួនជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័ទាំង០៣នាក់បានសារភាពថា ថ្នាំញៀនចំនួន០៤កញ្ចប់ខាងលើ ពិតជារបស់ពួកខ្លួនប្រាកដមែន គឺពួកខ្លួនបានរៃលុយគ្នាបានចំនួន១៨០០០០រៀល(ដប់ប្រាំបីម៉ឺនរៀល) យកទៅអោយឈ្មោះ ឡុង វិច្ឆិកា ហៅវិច ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ស្នាក់នៅបន្ទប់ជួល ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ទៅទិញចំនួន០១កញ្ចប់ធំ ពេលទិញថ្នាំញៀនបាន ពួកខ្លួនបានរំលែកថ្នាំញៀនចែកគ្នា ។
ក្រោយបានចំលើយសារភាព របស់ជនសង្សយ័ទាំង០៣នាក់រួច កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ និងប៉ុស្តិ៍នគរបាលដីឥដ្ឋ បានបន្តទៅឃាត់ខ្លួន ឈ្មោះ ឡុង វិច្ឆិកា(វិច) នៅបន្ទប់ជួល ហើយសមត្ថកិច្ចបានសួរនាំ ឈ្មោះ ឡុង វិច្ឆិកា (វិច) នៅចំពោះមុខសមត្ថកិច្ចរូបគេបានសារភាពថា ខ្លួនពិតជាបានយកលុយចំនួន១៨០០០០រៀល ពីឈ្មោះ០៣នាក់ខាងលើ ទៅទិញថ្នាំញៀន ចំនួន០១កញ្ចប់ធំ ពីឈ្មោះ សាំង វណ្ណា (ពយ) ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយបានចំលើយសារភាព របស់ឈ្មោះ ឡុង វិច្ឆិកា (វិច)រួចសមត្ថកិច្ចបានបន្តទៅឃាត់ខ្លួន ឈ្មោះ សាំង វណ្ណា (ពយ) បានបន្ថែមទៀត និងដកហូតបាន ថ្នាំញៀន ចំនួន០៤កញ្ចប់(ធំ០៣ តូច០១) សម្ភារះវេចខ្ចប់ថ្នាំញៀន និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ ។
រួចកំលាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរួមហ្នឹងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សាំង វណ្ណា(ពយ) បានសារភាពថា ខ្លួនពិតជាបានលក់ថ្នាំញៀនទៅអោយឈ្មោះ ឡុង វិច្ឆិកា(វិច) តំលៃ១៨០០០០រៀល ប្រាកដមែន ហើយថ្នាំញៀនដែលសមត្ថកិច្ចដកហូតបានពីខ្លួននេះ គឺខ្លួនបានទំនាក់ទំនងទិញពីឈ្មោះ ជី ( មិនស្គាល់នាមត្រកូល) មានទីលំនៅ កោះអន្លង់ចិន ក្រុងតាខ្មៅ (បច្ចុប្បន្នជាប់ឃុំឃាំង ក្នុងពន្ធនាគារខេត្តកណ្តាល តាមរយះលេខទូរសព្ទ័ ០៩៧៦១៧៩៣៨៧ ចំនួន០១កញ្ចប់ធំ(មួយខាំ) តំលៃ៩៥០$ (ប្រាំបួនរយហាសិបដុល្លា ដើម្បីយកមកលក់បន្ត ហើយកន្លងមកឈ្មោះ សាំង វណ្ណា (ពយ) បានទំនាក់ទំនងទិញថ្នាំញៀនពីឈ្មោះ ជី ( ជាប់ឃុំឃាំងក្នុងពន្ធនាគារខេត្តកណ្តាល) ចំនួន០៣ដងមកហើយ ដោយទិញក្នុងមួយដងៗ ចំនួន ០១ខាំ (តំលៃ៩៥០$)។
ក្រោយសួរនាំរួចជនសង្ស័យទាំង០៥នាក់រួមទាំងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី ៕ អែល វិចិត្រ