ខេត្តកណ្តាល ៖ អគ្គិភ័យមួយបានឆាបឆេះ ឃ្លាំងស្តុកសម្ភារៈដេគ័ររោងការមួយកន្លែង យ៉ាងសន្ធោសន្ធៅ ហ៊ុយផ្សែងត្របាញ់ឡើងលើអាកាស ផ្អើលអ្នកភូមិនាំគ្នាជួយជះទឹកពន្លត់ និងប្រញាប់រាយការណ៍ទៅសមត្ថកិច្ច ដើម្បីចេញរថយន្តពន្លត់អគ្គិភ័យ ចុះមកធ្វើការបាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៥និង ៥នាទីល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឃ្លាំងដែលឆេះនេះ មានឈ្មោះ ជន ចាន់ថន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរដេគ័រ(រោងការ)
និងបានឆេះសំភារៈខូចខាតរួមមាន ៖ ឃ្លាំងធ្វើអំពីដែក ដំបូលស័ង្កសី ជញ្ជាំងសង្ក័សី ទំហំទទឹង១១ម៉ែត្រ បណ្តាយ៥៥ម៉ែត្រ និងសម្ភារៈដេគ័រ(រោងការ) កុងផ្លាកកេប្រហែល១០០សន្លឹក (ដែលជាកុងផ្លាកកេសម្រាប់ក្រាលអោយភ្ញៀវដើរ)។
ក្នុងនោះ មូលហេតុ បើតាមការបញ្ជាក់របស់ម្ចាស់ផ្ទះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ។
ភ្លាមៗគេឃើញលោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ និងសមត្ថកិច្ចកម្លាំងពាក់ព័ន្ធ បានចុះមកអន្តរាគមន៍នៅទីតាំងកើតហេតុ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ០៦គ្រឿង រថយន្តរបស់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយចំនួន ០១គ្រឿង រួមមាន រថយន្តរបស់ស្នងការរដ្ឋាននគរបាលស្រុកកៀនស្វាយចំនួន ០២គ្រឿង រថយន្តរបស់បុរីប៉េងហួតចំនួន ០២គ្រឿង រថយន្តរបស់ក្រុមហ៊ុនស្រាបៀរ MATTRIDចំនួន ០២គ្រឿង ទើបរលត់ ១០០%។
បញ្ជាក់ តាមការវាយតម្លៃរបស់ម្ចាស់ផ្ទះសម្ភារៈខូចខាតអស់ទឹកប្រាក់ប្រហែល ៦០០០ដុល្លា ហើយនៅក្នុងឃ្លាំង មានកុងផ្លាកកេប្រហែល១០០សន្លឹក ៕ អែល វិចិត្រ