មួយកំពុងលឿនផ្លូវត្រង់ មួយទៀតបើកឆ្លងមិនប្រយត្ន័ មិនមើលគេឯង បុកផ្ទុបគ្នាពេញទំហឹង ខ្ទេចរថយន្តយ៉ាងដំណំ
សន្តិសុខសង្គម
146

រាជធានីភ្នំពេញ ៖ រថយន្ត២គ្រឿង​បានរងការខូចខាតយ៉ាងដំណំ ខណៈស្ត្រីម្នាក់ កំពុងបើករថយន្តតាមផ្លូវត្រង់ធម្មតា ក្នុងល្បឿនលឿនមធ្យម ស្រាប់តែមានបុរសម្នាក់ទៀត បើករថយន្តម៉ាកឡិចស៊ីស Nx 200T ឆ្លងផ្លូវ មិនប្រយត្ន័ ក៏បុកពេញទំហឹងតែម្តង សំណាងណាស់មនុស្សមិនអី តែខ្ទេចរថយន្តយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ បើករថយន្តពណ៌ស រួមដំណើរជាមួយកូនៗ ក្នុងទិសដៅពីត្បូងមកជើង តាមបណ្តោយផ្លូវត្រង់ ដោយល្បឿនលឿនមធ្យម លុះដល់ចំណុចកើតហេតុ ស្រាប់តែមាន បុរសម្នាក់ បើករថយន្តម៉ាក ឡិចស៊ីស Nx 200T ឆ្លងផ្លូវមិនប្រយត្ន័ មិនមើលគេឯង ទើបរថយន្តពណ៌ស ចាប់ហ្វ្រាំងគេចមិនទាន់ក៏បុកផ្ទុបគ្នាពេញទំហឹងតែម្តង ខ្ទេចរថយន្តយ៉ាងដំណំ សំណាងណាស់មនុស្សក្នុងរថយន្តពណ៌ស មិនរបួសអ្វីធ្ងន់ធ្ងរ គ្រាន់តែស្ត្រីអ្នកបើកបរ របួសពកក្បាលតិចតួច ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានចុះមកធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងខាងលើ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ


Telegram