ដុតកម្ទេចចោលទំនិញជាសាច់បង្កក និងទំនិញមួយចំនួន ដែលបានរកឃើញនៅតាមទីតាំងឃ្លាំងស្ដុកនិងចែកចាយក្នុងរាជធានីភ្នំពេញ
សន្តិសុខសង្គម
244

រាជធានីភ្នំពេញ៖ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ដោយបន្តអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវរដ្ឋមន្រ្តី និងក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមប្រតិភូ ពិសេសគឺដើម្បីធានាការពារសុខុមាលភាពជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ លោកអគ្គនាយករងបានដឹកនាំមន្រ្តីជំនាញផ្នែកម្ហូបអាហារប្រមូលទំនិញដែលពុំមានអនុលោមភាពក្រោយរកឃើញតាមឃ្លាំងស្កុក លក់ និងចែកចាយសាច់បង្កកចំនួន ៥ទីតាំងផ្សេងគ្នា រួមមានខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ កន្លងមកទៅធ្វើការដុតបំផ្លាញចោលនៅទីលានចាក់សម្រាម ។ នេះបើយោងផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។

ទំនិញទាំងអស់នោះរួមមានសាច់បង្កក និងទំនិញដែលជាគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលសុទ្ធសឹងតែជាទំនិញពុំមានអនុលោមភាព មានហានិភ័យចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ចុងក្រោយ (Consumer)។

គួររំលឹកផងដែរថា មន្រ្តីជំនាញម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការក្រសួងពាណិជ្ជកម្មតែងតែចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទ និងគ្រប់ទីតាំងផលិត លក់ និងចែកចាយ ដើម្បីធានាការពារផលប្រយោជន៍អ្នកប្រើប្រាស់ សុខុមាលភាពបងប្អូនប្រជាពលរដ្ឋ ពិសេសធានានិរន្តភាពនៃការប្រកួតប្រជែងលើទីផ្សារ ៕


Telegram