រាជធានីភ្នំពេញ ៖ រថយន្តសណ្ដោងរម៉កមួយគ្រឿង បើកថយក្រោយខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកបង្គោលភ្លើងដែកបាក់អស់១ដើម បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តសណ្ដោងរម៉កម៉ាកFUSU ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-7070 និងស្លាកលេខ រម៉កក្រោយភ្នំពេញ 4A 2658 បើកមកឈប់ចតនៅចិញ្ចើមផ្លូវ ក្រោយមកក៏បានបើករថយន្តថយក្រោយ ដើម្បីយកអេឡង់បត់ចូលឃ្លាំងជាប់នោះ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកបង្គោលភ្លើងនៅចិញ្ចើមផ្លូវបណ្ដាលអោយបាក់រលំមួយដើមតែម្តង រួចបើកគេចចូលឃ្លាំងខាងលើបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ទីតាំងកើតហេតុ ដោយបានឲ្យតៃកុង បើករថយន្តមកចតកន្លែងកើតហេតុវិញ ដើម្បីប្រគល់អោយជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំចាត់ការទៅតាមនិតិវិធី៕ អែល វិចិត្រ